ឯកឧត្តម ចាន់ សុវុឌ្ឍ ដាក់ចេញទិសដៅគន្លឹះដល់អាជ្ញាធរស្រុកម៉ាឡៃ ក្នុងការដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពពលរដ្ឋឱ្យចំគោលដៅ
AKP បន្ទាយមានជ័យ ថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០២៦--ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាបេសកកម្មចម្បងដែលមិនអាចខ្វះបាន។ នេះជាការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលនៃការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលស្រុកម៉ាឡៃ ក្រោមអធិបតីភាពរួមរវាង ឯកឧត្តម ចាន់ សុវុឌ្ឍ និងលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឱ្យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរឃុំ-ភូមិទូទាំងស្រុកយ៉ាងច្រើនកុះករ។
ថ្លែងនៅក្នុងអង្គប្រជុំនោះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងស្អិតរមួតជាមួយក្រុមការងារចុះជួយមូលដ្ឋាន ក្នុងការក្តាប់ជាប់នូវសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនាពេលកន្លងមក។

ដើម្បីបន្តនិរន្តរភាពការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយគិតគូរពីសុខទុក្ខប្រជាជនជាចម្បង ឯកឧត្តម ចាន់ សុវុឌ្ឍ បានផ្តល់សាសន៍ណែនាំ និងដាក់ចុះនូវទិសដៅគន្លឹះ ការដោះស្រាយបញ្ហាឱ្យចំគោលដៅ គ្រប់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាពិនិត្យរាល់សំណូមពរដែលនៅសេសសល់ ដោយត្រូវអនុវត្តន៍តាមគោលការណ៍ច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានលឿន ស្របច្បាប់ និងចំចំណុច។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ ដើម្បីបង្កើតភាពកក់ក្តៅ និងពង្រឹងជំនឿទុកចិត្តទ្វេដងពីពលរដ្ឋមកលើអាជ្ញាធរ។ ការជំរុញវិស័យកសិកម្ម និងជីវភាព ដោយសារស្រុកម៉ាឡៃជាតំបន់ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ក្រុមការងារ និងអាជ្ញាធរត្រូវចុះជួយណែនាំបច្ចេកទេសផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រភពទឹក ក៏ដូចជាទីផ្សារកសិផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ត្រូវរួមគ្នាបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ជាដាច់ខាតត្រូវលុបបំបាត់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីធានាសុខសន្តិភាព និងរបៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ។

ជាមួយនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកម៉ាឡៃ បានសង្កត់ធ្ងន់ និងស្នើឱ្យសមាជិក សមាជិកាទាំងអស់ ជំរុញការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានជូនពរដល់អង្គប្រជុំទាំងមូល ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន។

កិច្ចប្រជុំបូកសរុបនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការស្តាប់ និងដោះស្រាយកង្វល់ពលរដ្ឋពីក្រោមឡើងលើ ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព៕
ដោយឈុនសារ៉ាត





