ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្តយុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា
AKP កំពង់ធំ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ព្រះបរិត្តកោសល ណិប អ៊ាម ព្រះអនុគណស្រុកស្ទោងលើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា។ព្រះអនុគណស្រុកមានសង្ឃដីការបែបនេះក្នុងឱកាសនិមន្តជាកិត្តិយសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ព្រះអង្គមានសង្ឃដីកាថា ការប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពវិន័យជាចម្បង។ ការប្រឡងដែលជោគជ័យ និងមានតម្លៃបំផុត គឺការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ យុវសិស្សគ្រប់រូបត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ប្រើប្រាស់ចំណេះដឹង ជំនាញ និងការគិតពិចារណាដែលបានសន្សំពីការរៀនសូត្រកន្លងមកដោះស្រាយវិញ្ញាសាដោយស្មារតីនឹងនរ។ គោរពគោលការណ៍ណែនាំ ម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង និងការណែនាំរបស់គណៈមេប្រយោគ ដោយមិននាំយកសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ចូលក្នុងបន្ទប់ប្រឡងឡើយ។ ភាពស្មោះត្រង់ក្នុងពេលប្រឡង គឺជាសេចក្តីថ្លៃថ្នូរ និងជាការផ្តល់តម្លៃដល់ខ្លួនឯងធ្វើឱ្យបេក្ខជនក្លាយខ្លួនជាយុវជនល្អ និងមាគ៌ាឆ្ពោះទៅសិក្សានៅថ្នាក់វិទ្យាល័យនៅតែបន្ត ដែលទាមទារឱ្យយុវជន ខិតខំរៀនសូត្រដោយស្វ័យសិក្សា និងអភិវឌ្ឍខ្លួនជាប្រចាំកសាងខ្លួនជាយុវជនល្អមានសីលធម៌ រស់នៅមានវិន័យ ស្គាល់ខុសត្រូវ ផ្តល់តម្លៃដល់គ្រួសារ និងសង្គមជាតិ។

លើសពីនេះ យុវជនដែលមានចំណេះដឹង និងសីលធម៌ គឺអាចជួយជំរុញឱ្យយុវជនអាចហោះហើរបានខ្ពស់និងវែងឆ្ងាយក្នុងឆាកជីវិត។ យុវសិស្សសម័យថ្មី ត្រូវតែមានទស្សនៈ ចក្ខុវិស័យវែងឆ្ងាយ ដែលឆ្លងកាត់ជាប់ឌីប្លូម និងបាក់ឌុប ហើយឈានជើងចូលមហាវិទ្យាល័យ ក្រេបជញ្ជក់យកជំនាញឯកទេសច្បាស់លាស់មួយ ដើម្បីក្លាយជាអ្នកជំនាញ និងជាធនធានមនុស្សដ៏មានតម្លៃ និងវិលត្រឡប់មកជួយអភិវឌ្ឍមូលដ្ឋានវិញ ដែលជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមគឺការនាំយកចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២៦ ហើយវិទ្យាល័យ ជា ស៊ីម ប្រឡាយ មានសិស្សថ្នាក់ទី៩ សរុបចំនួន១២៨នាក់ (ស្រី៦៧នាក់) មាន៦បន្ទប់៕
ដោយ ស៊ុម វណ្ណា





