ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ អភិ បាលក្រុង ស្រុក ការិយា ល័យប្រជាពលរដ្ឋខេត្ត នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម សួស ប្រាថ្នា បានបើកកិច្ចប្រជុំដោយថ្លែងថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងប្រមូលធាតុចូលនូវរាល់មតិយោបល់ សំណូមពរនានា ដើម្បីរួមគ្នាដាក់ចេញនូវវិធានការគន្លឹះៗសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈនានាពាក់ព័ន្ធទៅនឹងសេវារដ្ឋបាលដីធ្លី និងសេវាផ្សេងៗពាក់ព័ន្ធនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋ បាលខេត្តព្រះសីហនុ ដូច្នេះសូមស្នើដល់អង្គប្រជុំទាំងមូល សូមចូលរួមផ្ដល់ជាមតិយោបល់ និងលើកឡើងនូវបញ្ហាប្រឈមនានាពាក់ព័ន្ធ និងវិស័យដីធ្លី និងវិស័យផ្សេងៗទៀតឱ្យបានផុលផុស ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅជំរុញដល់ការងារបម្រើសេវាសាធារណៈប្រជឆពលរដ្ឋ ជាពិសេសក្នុងវិស័យដីធ្លីឪ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ប្រកប ដោយតម្លាភាព និងឆាប់រហ័ស។

ជាការឆ្លើយតបក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ស្តីពីលទ្ធផលដែលអង្គភាពច្រកចេញចូលខេត្តព្រះសីហនុ សម្រេចបានគិតចាប់ពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៨ រហូតដល់ខែមិថុនា ២០២៦ ដែលមានវិស័យចំនួន១៤ ដែលអង្គភាពចក្រចេញចូលនៃរដ្ឋបាលខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ១៥៥ ៦៨៩សេវា ក្នុងនោះស្ត្រីស្នើសុំចំនួន ៣០ ៧៧៣ សេវា ទទួលបានប្រាក់ចំណូលសរុបចំនួន ៥៣ ៨៥៦ ៩១៣ ១២០រៀល។ ក្នុងឆ្នាំ២០២៥ អង្គភាពច្រក នៃរដ្ឋបាលខេត្តបានផ្តល់សេវាបានចំនួន ២៣ ៨៣១សេវា ក្នុងនោះស្រ្តីស្នើសុំចំនួន ៣ ៦៨៥សេវា ទទួលបានប្រាក់ចំណូល ៧ ០៥១ ២១៩ ៩០០រៀល។ ដោយឡែករយៈពេល ៦ខែ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បានផ្តល់សេវាចំនួន ១៣ ៣៥៤ សេវា/១០ ៩០៣សេវា កើនឡើង ២.៤៥១សេវា ស្មើនឹង ១៨,៣៥ភាគរយ បើធៀបរយៈពេល ៦ខែ ឆ្នាំ២០២៥។

ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការដាក់ឱ្យអនុវត្តសាកល្បងស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ នៅអង្គភាពច្រកចេញចូលតែមួយមានចំនួន ៤វិស័យ រួមមាន ១.វិស័យកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ២.វិស័យទេសចរណ៍ ៣.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៤.វិស័យវប្បធ៌ម គិតចាប់ពីថ្ងៃទី១ ខែមីនា ២០២៤ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានផ្តល់សេវាចំនួន ១៦៥សេវា ទទួលបានប្រាក់ចំណូល ៤១ ៣២៥ ០០០រៀល។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បន្ទាប់ពីបើកឱ្យដំណើការជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ២០២៦ ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ នៅអង្គភាពច្រកខេត្តលើវិស័យចំនួន៩ រួមមាន ១. ការងារនីត្យានុកូលកម្ម ២. ការងាររដ្ឋបាល ៣. វិស័យទេសចរណ៍ ៤. វិស័យសាធារណការ និងដឹកជញ្ជូន ៥. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៦. វិស័យឧស្សាហូបនីយកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ៧. វិស័យរ៉ែ និងថាមពល ៨. វិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ៩វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ អង្គភាពច្រកផ្តល់សេវាបានចំនួន៧ ទទួលបានចំណូល ១ ៩៩៨ ៦០០រៀល។ បញ្ហាប្រឈម នៃការផ្តល់សេវាចុះបញ្ជីដីលើកដំបូង និងសេវាប្តូរប្រភេទដីនៅពុំទាន់ផ្តល់សេវាឆ្លើយតបបានទាន់ ពេលវេលាស្របតាមប្រកាសអន្តរលេខ ១៤៣៤២ប្រក រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។

បន្ទាប់ពីបានពិភាក្សារួចមក ឯកឧត្តម សួស ប្រាថ្នា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំ ព្រមទាំងបានកោតសរ សើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្នុងការខិតខំ ប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងបរិយាបន្ននាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់៕
ដោយ ងូ សុមុនី





