សម្តេច ម៉ែន សំអន ចុះពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ -- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យទីតាំងប្រារព្ធពិធីទិវាមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ដំណើរចុះពិនិត្យនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ទិវាមច្ឆជាតិធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាពសំដៅបង្កើនផលស្តុកមច្ឆជាតិ ដើម្បីបំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុង ស្រុកប្រមាណ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។

សូមបញ្ជាក់ថា នៅឆ្នាំនេះទិវាមច្ឆជាតិនឹងត្រូវប្រារព្ធធ្វើនៅទន្លេវ៉ៃគោជាលើកទី២ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយដែលលើកទី១បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវាមច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពមុនី ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕

ដោយ សួស សំរិត





