ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមបេសកកម្ម JICA ដើម្បីពិភាក្សាលើគម្រោងស្តារឡើងវិញ និងកែលម្អសំណង់ដោះទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមបេសកកម្មស្វែងរកការពិត (Fact-Finding Mission) របស់ទីភ្នាក់ងារ JICA មកពីទីក្រុងតូក្យូ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការស្នើសុំឥណទានសម្បទានថ្មី សម្រាប់ «គម្រោងស្តារឡើងវិញ និងកែលម្អសំណង់ដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ» នៅទីស្តីការក្រសួង នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រជុំមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន លោក Suzuki Masashiro ប្រធានក្រុមបេសកកម្ម JICA មកពីទីក្រុងតូក្យូ និងសហការី តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងពីរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រុមហ៊ុនកុងស៊ុលតង់ និងមន្ត្រីសមភាគីគម្រោងផងដែរ។


របៀបវារៈនៃកិច្ចប្រជុំនេះគឺផ្តោតសំខាន់លើការប្រមូលព័ត៌មានចាំបាច់នានា សម្រាប់ត្រៀមរៀបចំគម្រោងស្នើសុំឥណទានសម្បទានថ្មី។ អង្គប្រជុំក៏បានពិភាក្សាយ៉ាងលម្អិតលើទំហំការងារ និងទំហំឥណទានសម្បទានដែលត្រូវស្នើសុំកម្មវិធី និងផែនការសកម្មភាពនៃការអនុវត្តគម្រោង ការវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម ព្រមទាំងការកំណត់ទិសដៅការងារ និងកិច្ចការងារចាំបាច់នានាដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
សូមជម្រាបថា បេសកកម្មស្វែងរកការពិត (Fact-Finding Mission) របស់ទីភ្នាក់ងារ JICA មកពីទីក្រុងតូក្យូ មានរយៈពេល៩ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





