ប្រធានគម្រោងស្តារអយស្ទ័រ អង្គការ MCC ចែករំលែកនូវលទ្ធផលស្រាវជ្រាវស្តីអយស្ទ័រ ជូនតំណាងអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ប្រធានគម្រោងស្តារអយស្ទ័ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC កញ្ញា តៃ ឈេន បានចែករំលែកនូវលទ្ធផលស្រាវជ្រាវស្តីពីការពិសោធន៍អយស្ទ័រជូនដល់តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលចុះទស្សនកិច្ចផ្ទាល់នៅក្នុងខេត្តកែប។
ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា នេះជាផ្នែកមួយរបស់គម្រោង CamAdapt អង្គការអភិរក្សសមុទ្រកម្ពុជាកំពុងសហការការងារជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃអគ្គនាយកដ្ឋានជលផល ដើម្បីស្តារអយស្ទ័រតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ អយស្ទ័រដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាគុណភាពទឹក គាំទ្រដល់ជីវៈចម្រុះសមុទ្រ ផ្តល់ជាទីជម្រកសម្រាប់វារីសត្វ និងប្រភេទសត្វក្នុងទឹកដទៃទៀត ព្រមទាំងជួយគាំទ្រដល់សហគមន៍តំបន់ឆ្នេរផងដែរ។


ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីការស្រាវជ្រាវស្តីពីការស្តារអយស្ទ័រដែលកំពុងអនុវត្តរបស់អង្គការអភិរក្សសមុទ្រកម្ពុជា ក៏ដូចជាការចូលរួមចំណែកក្នុងការស្តារទីជម្រកសមុទ្រនិងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យមានភាពល្អប្រសើរ។
អង្គការ MCC ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចែករំលែកការងាររបស់យើង ក៏ដូចជាបានពិភាក្សាអំពីសក្តានុពលនៃការស្តារអយស្ទ័រ ដែលជាដំណោះស្រាយមួយលើបញ្ហាប្រែប្រួលបរិស្ថានសម្រាប់មនុស្សជាតិ និងធម្មជាតិ៕

ដោយ ណយ នឿន (ប្រភព៖MCC)





