ឯកឧត្តម អឿង ចន្ថា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តវិស័យឧតុនិយម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា បានមានប្រសាសន៍ថា នាយកដ្ឋានឧតុនិយមត្រូវ ត្រៀមលក្ខណៈជាមុនឱ្យបានហ្មត់ចត់ ដើម្បីឆ្លើយតបទៅនឹងបាតុភូត El Niño និង IOD ដែលអាចបង្កជាគ្រោះរាំងស្ងួត ព្រមទាំងបន្តពង្រឹងសមត្ថភាពតាមដាន ព្យាករណ៍ធាតុអាកាស និងសហការជាមួយមន្ទីររាជធានី-ខេត្ត ចុះថែទាំសម្អាតស្ថានីយ ធានាការផ្តល់ទិន្នន័យជាក់លាក់ និងមានប្រសិទ្ធភាព មិនទ្វេសប្រហែសដោយប្រការណាមួយឡើយ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវបន្តសហការគ្នា ខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរៀងៗខ្លួន ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តការងារឆ្នាំ២០២៦ ដើម្បីពង្រឹងវិស័យឧតុនិយម នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួង។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១. ដើម្បីបង្ហាញពីលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ លើវិស័យឧតុនិយម។ ទី២. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយឆ្លើយតបឱ្យទាន់ពេលវេលា។ ទី៣. ដើម្បីពិភាក្សា និងពង្រឹងការអនុវត្តការងារដំឡើងស្ថានីយ ថែទាំ ជួសជុលឧបករណ៍ និងសម្អាតទីធ្លាស្ថានីយតាមបណ្តារាជធានី-ខេត្ត។ ទី៤. ដើម្បីពិភាក្សាលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្រ្តីរាជការក្នុងវិស័យឧតុនិយម៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





