មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកថវិកាមូលនិធិយោធិនពលីមរណៈ ប្រគល់ជូនគ្រួសារសពយោធិនពលីនៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសហការីនាំយកថវិកាមូលនិធិយោធិនពលីមរណៈ ចំនួន ១០លានរៀលទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ពុធ សំអាន នាយរងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានពលីជីវិតដោយរោគាពាធនិងដោយរបួសចាស់សើររើ កាលពីពេលកន្លងទៅថ្មីៗនៅគេហដ្ឋាននៃគ្រួសារសពភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ.
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដោយបានថ្លែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់យុទ្ធមិត្ត ដែលធ្លាប់រួមអាវុធ និងរួមការងារជាមួយគ្នា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកហើយ នឹងបានដុតធូបគោរពវិញ្ញាណក្ខន្ធនិងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ថវិកាមូលនិធិយោធិនពលីមរណៈ ជូនដល់ក្រុមគ្រួសារសព ចំនួន ១០លានរៀលដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ក្នុងជីវភាពប្រចាំថ្ងៃ។


លោកស្រី ហ៊ុន សោភ័ណ្ឌ ដែលត្រូវជាភរិយា សពលោកវរសេនីយ៍ត្រី ពុធ សំអាន បានថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកន្លងមកបានចាត់ចែងរៀបចំពិធីបុណ្យសព ជូនស្វាមីរបស់គាត់បានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ ក៏បានឧបត្ថម្ភថវិកាគោលនយោបាយផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តនិងជួយដោះស្រាយជីវភាពក្រុមគ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ ស៊ុម វណ្ណា





