ជំនាញរៀបចំម៉ាកយីហោ និងជំនាញលក់ កំពុងជួយពង្រឹងអាជីវកម្មរបស់សហគមន៍
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ការផលិតកសិផលដែលមានគុណភាព ជាចំណុចមួយនៃខ្សែច្រវាក់តម្លៃកសិកម្ម។ ទោះបីយ៉ាងណាដើម្បីរកប្រាក់ចំណូលបានកាន់តែប្រសើរ សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ក៏ត្រូវការជំនាញក្នុងការវេចខ្ចប់ ផ្សព្វផ្សាយ និងធ្វើទីផ្សារសម្រាប់កសិផលឱ្យ បានត្រឹមត្រូវដែលនេះគឺជាចំណុចមួយមិនអាចខ្វះបាន។

តាមរយៈគម្រោងគជ់ ដែលអនុវត្តដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកបច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នាចុងខែមិថុនា ឆ្នាំ២០២៦នេះ បានបណ្តុះបណ្តាលតំណាងសហគមន៍តំបន់ការពារធម្មជាតិចំនួន១៤ មកពីខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ស្តីពីការផ្សព្វផ្សាយម៉ាកយីហោផលិតផល ការវេចខ្ចប់ ការរៀបចំស្លាក និងយុទ្ធសាស្ត្រទីផ្សារ។

វគ្គបណ្តុះបណ្តាលនេះបានផ្តល់ដល់អ្នកចូលរួមនូវជំនាញជាក់ស្តែងដើម្បីបង្កើតម៉ាកយីហោផលិតផល កែលម្អការវេចខ្ចប់ ការកំណត់ឱកាសទីផ្សារ ការកសាងទំនាក់ទំនងជាមួយអ្នកទិញ និងការបន្ថែមតម្លៃដល់កសិផលដែលផលិតបាន។ ជំនាញទាំងនេះនឹងជួយដល់សហគមន៍ប្រកួតប្រជែងក្នុងទីផ្សារ ទាក់ទាញអ្នកទិញកាន់តែច្រើន និងបង្កើនប្រាក់ចំណូល ព្រមទាំងលើកទឹកចិត្តដល់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

គម្រោងគជ់បានឱ្យដឹងថា លទ្ធផលនៃការបណ្តុះបណ្តាលនេះគឺទទួលបានលទ្ធផលល្អ ដោយពិន្ទុចំណេះដឹងជាមធ្យមរបស់អ្នកចូលរួមបានកើនពី ៦០.៩២% មុនពេលបណ្តុះបណ្តាល ឡើងដល់ ៧៨.៣៧% បន្ទាប់ពីការបណ្តុះបណ្តាល ដែលបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ នូវការយល់ដឹងរបស់អ្នកចូលរួមអំពីទីផ្សារ និងការអភិវឌ្ឍអាជីវកម្ម។ គម្រោងគជ់បានឱ្យដឹងដែរថាកាលណាផលិតផលកាន់តែប្រសើរ ការតភ្ជាប់ទីផ្សារកាន់តែរឹងមាំ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនឹងបង្កើតឱកាសយូរអង្វែងសម្រាប់គ្រួសារកសិករ ព្រមទាំងអាចការពារជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយថែមទៀត។ តាមរយៈការពង្រឹងសមត្ថភាពកសិករបន្ថែមលើការងារផលិតកម្ម បាន និងកំពុងជួយកសិករដែលមានទំហំផលិតកម្មតូច និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការកសាងអាជីវកម្មដែលអាចសម្របខ្លួនទៅនឹងទីផ្សារដែលកំពុងប្រែប្រួល និងបញ្ហាប្រឈមនៃអាកាសធាតុ៕

ដោយ៖ មករា





