ទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦មានការចូលរួមពី អត្តពលិក សិស្សានុសិស្សយ៉ាងផុសផុល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីអត្តពលិក សិស្សានុសិស្សជាច្រើនយ៉ាងផុសផុល។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក្នុងការប្រារព្វខួបលើកទី១៣២នៃទិវាអូឡាំពិក ដើម្បីរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤- ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិបារាំង គឺលោក Pierre de Coubertin។ ទិវាអូឡាំពិក ឆ្នំា២០២៦នេះធ្វើឡើងក្រោមមូលបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨» ជាមួយយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានប្រកាសជាផ្លូវការនាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦។
ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ជាមួយគ្នានេះ NOCC ក៏បានរៀបចំវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចក្ខុវិស័យកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨ និងបំណិនអាជីពសម្រាប់អត្តពលិក» ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ជាច្រើនរូប ក្នុងនោះមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក Benjamin Chiang អនុប្រធានបេសកកម្មស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិក លោក Casey Barnett ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈនៃ AmCham Cambodia ព្រមទាំងអត្តពលិកអូឡាំពិកផងដែរ។
ជាមួយគ្នានេះ លោក ហាន សីហា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុនញូធីរីចបានបង្ហាញក្តីសោមនស្សរីករាយ ដែលផលិតផលកាហ្វេធម្មជាតិ ញូធីរីច ចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍កីឡាដ៏ប្រចាំឆ្នាំរបស់ NOCC នាថ្ងៃនេះ។ លោកបន្ថែមថា ការលេងកីឡាដើម្បីសុខភាព ហើយកាហ្វេធម្មជាតិរបស់លោកមានគោលដៅដើម្បីសុខភាពដែរ។ កន្លងមក ក្រុមហ៊ុនរបស់លោកធ្លាប់បានចូលរួមឧបត្ថម្ភគាំទ្រកន្លងមកដែរ ហើយជាគោលដៅបន្ទាប់លោកប្តេជ្ញាថានឹងបន្តចូលរួមគាំទ្រវិស័យកីឡាជាតិនាបន្តបន្ទាប់ផងដែរ៕

ដោយ ហេង ណាលីន





