ឯកឧត្តម កែ គឹមយ៉ាន៖ «ភាពស្មោះត្រង់ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុត ដើម្បីធានាបាននូវជ័យជម្នះជូនគណបក្ស»
AKPបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦–
ឯកឧត្តមកែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាអាចរក្សាបាននូវប្រជាប្រិយភាព និងជំនឿទុកចិត្តពីប្រជាពលរដ្ឋរហូតមកដល់ពេលនេះ គឺដោយសារ «ស្មារតីសាមគ្គីភាព និងភាពស្មោះត្រង់» រវាងថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋាន។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមកែ គឹមយ៉ានបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធិសំណេះសំណាលដ៏មានសារៈសំខាន់មួយជាមួយមន្ត្រីគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងតំណាងយុវជននៃស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ។
នៅក្នុងជំនួបដែលពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់នេះ ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីយុទ្ធសាស្ត្ររបស់មន្ត្រីមូលដ្ឋាន ក្នុងការថែរក្សាជំហរនយោបាយ និងការពង្រឹងការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយ នោះឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗដើម្បីជាត្រីវិស័យសម្រាប់មន្ត្រីស្រុកអូរជ្រៅនោះ មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់គ្នា សម្របសម្រួលការងារដោយយកផលប្រយោជន៍ជាតិ និងបក្សជាធំ ជៀសវាងការបែកបាក់ដែលនាំឱ្យខូចប្រយោជន៍រួម។
មន្ត្រីមិនត្រូវអង្គុយតែក្នុងការិយាល័យនោះទេ គឺត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យបាននូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេឱ្យទាន់ពេលវេលា។

ការបណ្តុះបណ្តាលយុវជនបន្តវេនយុវជនគឺជាកម្លាំងស្នូលនៃអនាគត។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីចាស់ៗត្រូវចែករំលែកបទពិសោធន៍ និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនគណបក្សឱ្យបានខ្លាំងក្លា។
ឯកឧត្តម កែ គឹមយ៉ាន នូវបានបង្ហាញការពេញចិត្តចំពោះសកម្មភាពរបស់យុវជនគណបក្សស្រុកអូរជ្រៅ ដែលបានបង្ហាញនូវភាពសកម្ម និងភាពច្នៃប្រឌិតក្នុងកិច្ចការងារនយោបាយ និងសង្គម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនបន្តរក្សាភាពស្វាហាប់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់គណបក្សក្នុងការប្រកួតប្រជែងនយោបាយនាពេលអនាគត។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សស្រុកអូរជ្រៅទាំងអស់ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមទិសដៅរបស់ថ្នាក់លើ ដោយសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីបក្សនៅថ្នាក់ឃុំ-ភូមិ ដើម្បីធានាបាននូវជ័យជម្នះគ្រប់ការបោះឆ្នោត និងបន្តកសាងទំនុកចិត្តជាមួយប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ពិធីនេះមិនត្រឹមតែជាការជួបសំណេះសំណាលធម្មតានោះទេ ប៉ុន្តែគឺជាការ «សាកថ្ម»បន្ថែមនូវស្មារតី និងឆន្ទៈនយោបាយដល់មន្ត្រីមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ថ្មីៗដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស៕
ដោយ៖ ឈុន សារ៉ាត





