មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងក្រមសីលធម៌ និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល ជូនសិក្ខាកាមជិត៣០០នាក់
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាការអនុវត្តន៍វិជ្ជាជីវៈឱ្យស្របតាមស្តង់ដារច្បាប់ លោកវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បន្ទាយមានជ័យបានគូសបញ្ជាក់យ៉ាងមុតមាំថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍន៍សមត្ថភាពបន្ត (CPD) គឺជា «ឆ្អឹងខ្នង» នៃភាពជោគជ័យក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ក្រមសីលធម៌ឆ្មប ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអ្នកចុះបញ្ជីកា (RMS)» ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះថាការងារសុខាភិបាល មិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលនូវសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ការបណ្ដុះបណ្ដាលនៅពេលនេះ គឺជាការតម្រង់ទិសដល់អ្នកប្រកបវិជ្ជាជីវៈទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា RMS ដើម្បីធានាថា រាល់ការប្រតិបត្តិវិជ្ជាជីវៈក្នុងខេត្តបន្ទាយមានជ័យ មានតម្លាភាព សុក្រិតភាព និងដើរទាន់សម័យកាលវិវត្តនៃឌីជីថលសុខាភិបាល។

ក្នុងកម្មវិធីបិទវគ្គនេះដែរ មានសិក្ខាកាមចូលរួមសរុបចំនួន ២៩២នាក់ ដែលជាធនធានមនុស្សដ៏សំខាន់មកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីការិយាល័យស្រុកប្រតិបត្តិ (OD) ទាំង ៦ ក្នុងខេត្តតំណាងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសេវាឯកជន។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់មិនត្រឹមតែទទួលបាននូវចំណេះដឹងថ្មីៗលើការគ្រប់គ្រងវិជ្ជាជីវៈតាមប្រព័ន្ធឌីជីថល (RMS) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទីជាឆ្មប និងបុគ្គលិកសុខាភិបាល ដើម្បីបង្កើនទំនុកចិត្តពីសំណាក់អ្នកជំងឺ និងសាធារណជនក្នុងខេត្តទាំងមូល។

គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអ្នកចុះបញ្ជិកា (RMS) គឺជាយុទ្ធសាស្ត្រសំខាន់របស់ក្រសួងសុខាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងភាពឆាប់រហ័ស ដែលនេះគឺជាជំហានមួយទៀតនៃការពង្រឹងគុណភាពវិស័យសុខាភិបាលនៅកម្ពុជា៕
ដោយ ឈុន សារ៉ាត





