ឯកឧត្តម សេរី បណ្ឌិត ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រ ខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារបច្គេកទេស និងទីប្រឹក្សាគម្រោង ចុះពិនិត្យ និងសិក្សាទីតាំងជាក់ស្តែងនៃអនុគម្រោងប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តមអនុរដ្ឋលេខាធិការ៖ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺមានគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងវាយតម្លៃលើបញ្ហាប្រឈមជាក់ស្ដែង នៅតាមទីតាំងអនុគម្រោងនីមួយៗ ដែលបានស្នើឡើងដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។ ការធ្វើបែបនេះ គឺដើម្បីរៀបចំបញ្ចូលទៅក្នុងបញ្ជីអាទិភាព សម្រាប់ការចុះសិក្សាលម្អិតនាពេលខាងមុខ ក្រោមហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តជំហានទី១ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១។

ឯកឧត្តម និងក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យទីតាំងអនុគម្រោងធារាសាស្ត្រសំខាន់ៗចំនួន ៤ នៅក្នុងស្រុកសណ្តាន់ រួមមាន៖
១. អនុគម្រោងប្រព័ន្ធធារាសាស្រ្តអូរមាន ស្ថិតក្នុងឃុំមានជ័យ។
២. អនុគម្រោងប្រព័ន្ធធារាសាស្រ្តអូរក្រញ៉ាក ស្ថិតក្នុងឃុំមានរិទ្ធ
៣. អនុគម្រោងប្រព័ន្ធធារាសាស្រ្តក្រហមក ស្ថិតក្នុងឃុំឈើទាល និង ៤. អនុគម្រោងប្រព័ន្ធធារាសាស្រ្តអូរទួក ស្ថិតនៅក្នុងឃុំងន។
ឯកឧត្តម បានជួបពិភាក្សាជាមួយមន្ត្រីជំនាញមន្ទីរ និងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក ទាំង ០៤ខាងលើ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាព សំដៅឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់កសិករ ទាំងលើការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយនិរន្តរភាព៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹកនិងឧតុនិយម)





