សិក្ខាកាម៣០នាក់ធ្វើតេស្តបញ្ចប់វគ្គបណ្តុះបណ្ដាលគ្រូបង្វឹក កាយវប្បកម្មជំនាន់ទី៤ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល «គ្រូបង្វឹកកីឡាកាយវប្បកម្ម ជំនាន់ទី៤» ឆ្នាំ២០២៦ ត្រូវប្រឡងធ្វើតេស្តបញ្ចប់វគ្គសិក្សា បន្ទាប់ពីសិក្ខាកាមទំាងនោះបានសិក្សាវគ្គចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទទួលលិខិតបញ្ជាក់សិក្សាចេញដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅទីស្នាក់ការសហព័ន្ធ ក្លឹប រ៉ាវី អេមី ជីម លើផ្សារទំនើបជីបម៉ុង សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយ វប្បកម្មជំនាន់ទី៤ នាពេលនេះមានសិក្ខាកាមចំនួន ៣០នាក់មកពីរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួនទៀត។ លោកប្រធានសហព័ន្ធបានចាត់ទុកថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្មនៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។

លោក តឹក ប៊ុនវី បានបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្មនេះ សិក្ខាកាមនឹងយល់កាន់តែច្បាស់បន្ថែមទៀត ដើម្បីឱ្យពួកគាត់បញ្ជ្រាបការផ្សព្វផ្សាយជូនដល់កីឡាករ កីឡាការិនីបញ្ចៀសការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូពីង ឬដូប៉ា ពីព្រោះប្រភេទកីឡាកាយវប្បកម្មធ្លាប់ជួបផលពិបាកជាច្រើននៃសារធាតុនេះ។ លោកសង្ឃឹមថា ក្រោយពីបានសិក្សាលើកនេះទំាងគ្រូបង្វឹក និងកីឡាករ កីឡាការិនីកាយវប្បកម្មអាចជៀសផុសពីសារធាតុហាមឃាត់ទំាងនេះ និងយកចំណេះដឹងទំាងនេះទៅផ្សព្វផ្សាយដល់ក្លឹបកីឡាកាយវប្បកម្ម ជាក់ជាមិនខាន់ឡើយ៕
ដោយ ហេង ណាលីន





