សិក្ខាសាលាណែនាំអំពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ក្នុងខេត្តត្បូងឃ្មុំ
AKP ត្បូងឃ្មុំ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦-- លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាណែនាំអំពីការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ តាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.អ.ស.អ.ប.អ នៅសណ្ឋាគារ ភីអេនធី ផាលេស ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានបង្ហាញថា គណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានធ្វើការអនុវត្តគោលនយោបាយប្រជាជន ដែលអាចជួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ និងវិស័យនានា ក្នុងការរៀបចំផែនការអភិវឌ្ឍក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានលក្ខណៈបរិយាបន្ន។ ម៉្យាងទៀត ដើម្បីឱ្យគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត បានយល់ច្បាស់ពីទស្សនទានប្រជាជននិងអភិវឌ្ឍន៍ និងមានសមត្ថភាពបំពេញភារកិច្ចបានល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជននិងក្របខ័ឯកណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ព្រមទាំងមានសមត្ថភាពតាមដានការអនុវត្តកម្ម វិធីសកម្មភាព គណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត ពិតជាត្រូវការ ការគាំទ្រ ការ បណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសជំនាញ និងធនធានជាច្រើនទៀតពីអគ្គលេខាធិការប្រជាជននិងអភិវឌ្ឍន៍ នៃក្រសួងផែនការ ក្នុងការអនុវត្តគម្រោងនិងសកម្មភាពឆ្លើយតបបញ្ហាប្រជាជន និងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ។

លោកបានគូសបញ្ជាក់ថា សិក្ខាសាលាណែនាំនាថ្ងៃនេះនឹងក្លាយទៅជាត្រីវិស័យសម្រាប់គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ធ្វើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.អ.ស.អ.ប.អ បានមានប្រសាសន៍ថា គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ គឺបានបង្កើតឡើងដោយមានភារកិច្ចជួយគណៈកម្មាធិការ ពិសេសក្នុងការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្នុងការសម្របសម្រួលជាមួយនឹងអង្គភាពពាក់ព័ន្ធលើការងារ ប្រជាជននិងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ផ្តួចផ្តើមរៀបចំផែនការសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសកម្មភាព និងគោលនយោបាយជាតិនានា ឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សន្និសីទ អន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍។

ឯកឧត្តមអគ្គលេខាធិការបន្តថា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកកម្ពុជា ឆ្នាំ២០២៤-២០៣០ នៅថ្នាក់ក្រោមជាតិ ក្រសួងផែនការដែលជាស្ថាប័នដឹកនាំ និងសម្របសម្រួលការរៀបចំ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ ហើយដើម្បីអនុវត្តសកម្មភាពនេះឱ្យមានប្រសិទ្ធភាព គឺមន្ទីរផែនការរាជធានី ខេត្ត ដែលជាលេខាធិការដ្ឋានគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ រួមនិងមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការអនុវត្តដូចជា៖ រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ នៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំតាមទម្រង់នៃក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីផ្តល់នូវសង្គតិភាពគ្រប់រាជធានី ខេត្តក្នុងការវាយតម្លៃអំពីវឌ្ឍនភាព ទិសដៅយុទ្ធសាស្ត្រ សកម្មភាព និងសូចនាករ មានលក្ខណៈសមស្របដែលឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ច និងប្រជាសាសន៍ជាក់ស្តែងនៅមូលដ្ឋាន។ ត្រូវជំរុញការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ នៅថ្នាក់ក្រោមជាតិ។
ត្រូវពិនិត្យផ្តល់យោបល់ និងសម្រេចលើសេក្តីព្រាងរបាយការណ៍តាមដានវឌ្ឍនភាពការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ នៅថ្នាក់ក្រោមជាតិ។
បន្ទាប់ពីសន្ទរកថាបើករបស់ឯកឧត្តមគណៈអធិបតីរួចមក ក៏មានបទបង្ហាញរបស់វាគ្មិនកិត្តិយស ដែលបានឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិនៃការបង្កើតគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ គោលបំណង ផែនការ និងទិសដៅនៃការអនុវត្តផងដែរ៕
ដោយ AKP





