តំណាងអចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ លើកឡើងពីពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើងពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះ មានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។ ការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាបែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម កែ សុវណ្ណ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋ និងរដ្ឋនោះដែរ»។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ផងដែរ។

ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា៕

ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ





