រាជរដ្ឋាភិបាលពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បាយគ្រួស ២ ខ្សែនៅបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
AKPបន្ទាយមានជ័យថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦--ការពង្រឹងគុណភាពផ្លូវថ្នល់នៅតំបន់ជន បទមិនត្រឹមតែជាការសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាក្បាល ម៉ាស៊ីនដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អុិន ចន្ថា រដ្ឋលេ ខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើវឌ្ឍនភាពការងារថែទាំខួបផ្លូវក្រាលល្បាយគ្រួសចំនួន ២ ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធានាបាននូវគុណភាពយូរអង្វែងជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម អុិន ចន្ថា បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការកសា ង និងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដាច់ស្រយាល។
ឯកឧត្តមបានមានប្រសាសន៍ថាការថែទាំផ្លូវឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង គឺជារបៀបវារៈដ៏សំខាន់របស់ក្រសួង។ យើងមិនត្រឹមតែសាងសង់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែការចុះត្រួតពិនិត្យ និងវាយតម្លៃនាពេលនេះ គឺដើម្បីធានាថា រាល់ការងារថែទាំខួប ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ សំដៅបង្កើនប្រសិទ្ធភាពក្នុងការសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពល រដ្ឋពីចម្ការទៅកាន់ទីផ្សារបានយ៉ាងរលូន។
យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ផ្លូវក្រាលល្បាយគ្រួសទាំង ២ ខ្សែនេះ មានប្រវែងសរុប ៩,៤០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០.២ ម៉ែត្រ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

លោកស្រី កែវ ពេជ្រតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ការងារនេះបានសម្រេចលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារអន្តរក្រ សួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដើម្បីធានាគុណភាពផ្លូវឱ្យរឹងមាំឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង ២ ខ្សែនេះ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង។
លោក តាំង សុខា កសិករម្នាក់ក្នុងស្រុកថ្មពួក បានរៀបរាប់ទាំងទឹកមុខញញឹមថាពីមុនផ្លូវនេះពិបាកធ្វើដំណើរណាស់ ជាពិសេសរដូវវស្សា។ ប៉ុន្តែក្រោយពេលទទួលបានការថែទាំ និងជួសជុលឱ្យស្អាតបែបនេះ ការដឹកជញ្ជូនស្រូវ និងផលិតផលកសិកម្មផ្សេងៗទៅលក់នៅទីផ្សារគឺចំណេញទាំងពេលវេលា និងចំណេញទាំងថ្លៃដឹកជញ្ជូន។ យើងពិតជាអរគុណរាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមិនដែលបោះបង់ពួកយើងចោល។

ការចុះត្រួតពិនិត្យនេះមិនត្រឹមតែបង្ហាញពីប្រសិទ្ធភាពការងាររបស់មន្ទីរជំនាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តបោះជំហានយ៉ាងសកម្មក្នុងការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការតភ្ជាប់បណ្តាញផ្លូវថ្នល់ ដើម្បីផ្តល់នូវក្តីសង្ឃឹម និងជីវភាពដ៏ប្រសើរជូនប្រជា ពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ ឈុនសារ៉ាត





