ឯកឧត្តម អ៊ុំ រាត្រី ៖ «បើកបេះដូងស្តាប់កង្វល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា»
AKPបន្ទាយមានជ័យថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២៦--ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «វេទិកាសាធារណៈ» របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទឹកថ្លា។

វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករប្រមាណជិត ១៥០ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងទៅកាន់អង្គវេទិកាទាំងមូលដោយសង្កត់ធ្ងន់ថា វេទិកាសាធារណៈនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលពិត និងផ្សព្វផ្សាយពីលទ្ធផលការងារដែលរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ សម្រេចបានកន្លងមកក្នុងការអភិវឌ្ឍមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាស្នូលចម្បងនៃជំនួបនេះ គឺការបើកបេះដូងស្តាប់កង្វល់ ទទួលយកនូវសំណូមពរ បញ្ហាប្រឈម និងសុខទុក្ខផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ។
ប្រសាសន៍គន្លឹះរបស់ឯកឧត្តម អ៊ុំ រាត្រី «យើងមកទីនេះ មិនមែនគ្រាន់តែមកប្រាប់ពីអ្វីដែលយើងធ្វើបាននោះទេ ប៉ុន្តែសំខាន់បំផុតគឺមកស្តាប់ មកទទួលយកកង្វល់ និងរួមគ្នារកដំណោះស្រាយលើបញ្ហាចាំបាច់ចំពោះមុខរបស់បងប្អូន»។
នៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងបើកចំហ ប្រជាពលរដ្ឋសង្កាត់ទឹកថ្លាបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមធំៗដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លើវិស័យអាទិភាពរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្នើសុំការកែលម្អ និងអភិវឌ្ឍផ្លូវគមនាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសគឺការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារឱ្យបានលឿន និងកាត់បន្ថយការចំណាយ។
ប្រព័ន្ធធារាសាស្ត្រ និងបច្ចេកទេសកសិកម្ម ស្នើសុំការធានាឱ្យមានប្រភពទឹកគ្រាន់គ្រាន់សម្រាប់ការបង្កបង្កើនផលកសិកម្ម ព្រមទាំងការជួយជ្រោមជ្រែងលើបច្ចេកទេសកសិកម្មទំនើប និងការស្វែងរកទីផ្សារកសិផលដែលមានស្ថិរភាព។

សន្តិសុខ និងសេវាសាធារណៈ ស្នើសុំការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងតម្លាភាព។
ដោះស្រាយជាជំហានៗដើម្បីផលប្រយោជន៍រួមក្រោយពីបានស្តាប់ការលើកឡើងដោយផ្ទាល់ពីប្រជាពលរដ្ឋ ក្រុមការងារបានកត់ត្រាទុកយ៉ាងយកចិត្តទុកដាក់។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីយកសំណូមពរទាំងនេះទៅធ្វើការសិក្សា វាយតម្លៃ និងអនុវត្តដោះស្រាយជាជំហានៗ។

ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងខិតខំឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក៏ដូចជាទូទាំងខេត្តបន្ទាយមានជ័យទាំងមូល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែ «គិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនជាធំ»៕
ដោយ៖ ឈុន សារ៉ាត





