សាខាកាកបាទក្រហមខេត្តព្រះសីហនុ បើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងស្រុកស្ទឹហាវ
AKP ព្រះសីហនុថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦នេះលោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងហាវ និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមស្រុកស្ទឹងហាវចំនួន ២៦នាក់ ស្រី ៧នាក់ ដោយមានការចូលរួមពីមណ្ឌលសុខភាពទាំង៣ និងអាជ្ញាធរមូលដ្ឋាន និងដោយបានការសហការពីមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅ ក្នុងស្រុកស្ទឹហាវ រយៈពេល៣ថ្ងៃ គឺចាប់ពីទី២២ ដល់ថ្ងៃទី២៤ សម្រាប់ឃុំទាំង ៤ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ និងចុះដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះក្នុងឃុំទាំង៤ នៃស្រុកស្ទឹងហាវនាពេលនេះ មានគោលបំណង ដើម្បីការពារបង្ការជំងឺគ្រុន ឈាម និងជំងឺគ្រុនឈិក ដែលវាអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយការដាក់ថ្នាំអាល់ប៊ែតឪ្យគ្រប់ធុង ពាង អាង នៅតាមខ្នងផ្ទះ ព្រមទាំងមានប្រើខិតប័ណ្ណផងដែរ ហើយយុទ្ធនាការនេះត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិ ក្នុងស្រុកស្ទឹហាវ ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖
១.ចូលរួមកំចាត់ដង្កូវទឹក មូសខ្លា និងធានាថា មិនមានដង្កូវទឹកនៅក្នុងបរិ វេណផ្ទះ តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃ ទៀត ដែលនៅជុំវិញបរិវេណផ្ទះរបស់លោក អ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឪ្យបានពីរដងក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ចិញ្ចឹមត្រីប្រាំពីរពណ៌ ឬគ្របឪ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ។ល។

២.ត្រូវកំចាត់សត្វមូសខ្លាតាមរយៈរៀបចំសម្ភារៈក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ដោយធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូល រួមសហការជាមួយភ្នាក់ងារសុខាភិបាលក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូសជាដើម។
៣.ត្រូវការពារខ្លួនកុំឪ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅ កន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។

៤.ក្នុងករណីជំងឺគ្រុនឈាម និងគ្រុនឈីក ចម្លងបងប្អូនប្រជាពលរដ្ឋមិនថា ក្មេង ឬចាស់នោះទេត្រូវរូសរាន់ ស្វែងរក សេវាថែទាំសុខ ភាព ដែលនៅជិតអ្នកបំផុតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញាជំងឺដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀតដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។
គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងគ្រុនឈីកមិនត្រូវសាកល្បងព្យា បាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែនជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងក្រុងកំពង់សោមដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តក្រុងទាំងពីរ បើកយុទ្ធនាការផ្សព្វផ្សាយ និងចុះដាក់ថ្នាំអាល់ប៊ែតនៅតាមខ្នងផ្ទះរបស់ប្រជាពល ដ្ឋរួចហើយ និងបន្តទៅក្រុង ស្រុក ផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ ៕
ដោយ ងូ សុមុនី





