ក្រសួងធនធានទឹកបើកកិច្ចប្រជុំ(Kick-off Meeting)នៃបេសកកម្មគាំទ្រលើការអនុវត្តន៍គម្រោងលើកទី៣របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP)
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ (Kick-off Meeting) នៃបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី៣ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank)។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច ប្រតិភូធនាគារពិភពលោក ក្រុមទីប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹកខេត្តក្រចេះ មណ្ឌលគិរី កំពង់ធំ និងព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងរយៈពេលមួយឆ្នាំកន្លះកន្លងមក។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា បេសកកម្មរបស់ក្រុមការងារធនាគារពិភពលោក (World Bank) នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចុះពិនិត្យ និងសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃទីតាំងសំណើគម្រោងសិក្សាប្រភពទឹក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សំដៅគាំទ្រដល់វិស័យទឹកស្អាត។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារពិភពលោក ដែលបានគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព ឆ្លើយតបទៅនឹងសម្ពាធនៃសកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





