តេជោលីគ ជុំទី២៖ វិសាខាឡើងឈរកំពូលតារាង ដោយទម្លាក់ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្ស ទៅលេខ៣
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទះ ពានរង្វាន់ តេជោលីគ រដូវកាល ២០២៦ នៅក្នុងជុំទី២ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ គឺក្រុមវិសាខាបានឡើងមកឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយពីបានយកឈ្នះគូប្រកួតទាំង៣ប្រកួត មាន៨ពិន្ទុ ជាពិសេសនៅប្រកួតទី៣នេះ វិសាខាបានទម្លាក់ក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្សា ពីលើកំពូលតារាងទៅចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន។

អ្វីដែលពិសេស នៅប្រកួតទី៣ ម្សិលមិញ គឺវិសាខាបានយកឈ្នះក្រុមការពារម្ចាស់ជើងឯក បញ្ជាការដ្ឋានអង្គរក្សា ដោយលទ្ធផល ៣សិត០ ក្នុងពិន្ទុ ២៥-១៩, ២៦-២៤ និងសិតទី២ ធ្វើសម្រេចក្នុងពិន្ទុ ២៥ទល់១៨។ ជ័យជម្នះ៣ពិន្ទុរបស់ក្រុមវិសាខាបានធ្វើឱ្យខ្លួនបានហក់ឡើងពីចំណាត់ថ្នាក់លេខ២ មកចំណាត់ថ្នាក់លេខ១ ដោយបានទម្លាក់ ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្សពីលើការក្តោបក្តាប់តំណែងលើកំពូលតារាង (ទាំងប្រកួតទី១ និងប្រកួតទី២) ចុះមកនៅចំណាត់ថ្នាក់លេខ៣វិញ។

ចំពោះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលឈរលេខ៣បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ក្រោយប្រជែងបាន៣ពិន្ទុជាមួយក្រុមក្រសួងមហាផ្ទៃ ដោយយកឈ្នះដោយលទ្ធផល ៣-១ ក្នុងពិន្ទុយ៉ាងស្វិតស្វាញ ១៩-២៥, ២៧-២៥, ២៥-២១ និង២៦-២៤។ ចំពោះក្រុមស្នងការនគរបាលរាជធានីភ្នំពេញប្រជែងបាន៣ពិន្ទុដែរជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយលទ្ធផល ៣-០ ហើយក្រុមស្នងការនគរបាលរាជធានីភ្នំពេញឈរនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន។

គួរបញ្ជាក់ថា នៅសល់២ប្រកួតទៀត ការប្រកួត តេជោលីគ រដូវកាល ២០២៦នេះនឹងត្រូវបញ្ចប់ជុំទី២ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយទម្លាក់២ក្រុមចេញពីការប្រកួត ហើយ៤ក្រុមលើកំពូលតារាងនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬហៅថា ៤ក្រុមចុងក្រោយ ស្របពេលដែលវគ្គផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯក គ្រោងនឹងធ្វើឡើង វេលាម៉ោង ៥ល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដោយគ្រប់ការប្រកួតទាំងអស់ធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ ហេង ណាលីន (រូបភាព៖សហព័ន្ធកីឡាបាល់ទះកម្ពុជា)





