ក្រសួងបរិស្ថានប្រគល់ធុងសំរាមចំនួន ២ ៨២៣ ធុង ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនតាមបណ្តាវត្តអារាម សាលារៀនក្នុងខេត្តសៀមរាប
AKPសៀមរាបថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦– ធុងសម្រាមចំនួន ២ ៨២៣ធុង ត្រូវបានក្រសួងបរិស្ថានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនតាមបណ្តាវត្ត អារាម និងសាលារៀន ក្នុងខេត្តសៀមរាប ដែលពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ការប្រគល់ធុងសំរាមដល់រដ្ឋបាលខេត្ត នាពេលនេះ ជាការចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព (ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ)នៃខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ តាមរយៈភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានដែលជាសេនាធិការជូនរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ សម្រាប់តម្រង់ទិសនិងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។


ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបរិស្ថានក៍បានកំពុងបន្តអនុវត្តគោលនយោបាយការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០ គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦៖មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ និងកម្មវិធីវិមជ្ឈការ និងវិសហ-មជ្ឈការ ដែលក្រសួងបរិស្ថានបានប្រគល់មុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងជួយគាំទ្រលើការពង្រឹងសមត្ថភាពធនធានមនុស្ស មធ្យោបាយសម្ភារៈ និងបច្ចេកទេស។ ឯកឧត្តមក៏បាន គូសបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងផ្តល់ឡដុតសម្រាម ក្នុងមួយក្រុង ស្រុក ១ឡ ដើមី្បដុតនូវកាកសំណល់ដែលធ្វើឲ្យប៉ះ ពាល់សុខភាព សំខាន់កាកសំណល់ជីវសាស្ត្រ និង ប្លាស្ទីក ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានមានប្រសាសន៍ថា ការផ្តល់ធុងសំរាមនាពេលនេះ ស្របតាម ពាក្យស្លោក (សៀមរាបផ្ទះខ្ញុំ ) ដែលឯកឧត្តមបានដាក់ចេញ និងបានឆ្លើយតបទៅតម្រូវការជាក់ស្តែង របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការបន្តធ្វើឱ្យមានភាពស្អាត ភាពបៃតង និងមានចីរភាព ។ ដើម្បីបន្តរក្សាបាននូវភាពស្អាត និងភាពបៃតងសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ត្រូវបន្តជំរុញប្រតិបត្តិករប្រមូលសម្អាត និងដឹកជញ្ជូនសម្រាម អនុវត្តការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និងគ្របដណ្តបគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រក្រុង ស្រុក ។ ត្រូវបន្តដាំកូឈើ និងដើមឈើតាមអារាម សាលារៀន និង តាមទីសាធារណៈ ដងផ្លូវ៕
ដោយ៖ ឃុត សៅ





