សិក្ខាសាលាផ្ទៃក្នុងលើកទីពីរស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដើម្បីតំបន់អង្គរឆ្នាំ២០២៦
AKPសៀមរាបថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦– អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងលើកទីពីរសម្រាប់ឆ្នាំ២០២៦ ស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ។
សិក្ខាសាលានេះបានធ្វើឡើង នៅព្រឹកថ្ងៃ២កើតខែប.សាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១៦ខែមិថុនាឆ្នាំ២០២៦ នៅក្នុងនាសាលសន្និសីទអង្គរ ក្រោមអធិបតីភាព ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន ព្រមទាំងមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១០០នាក់។

មានប្រសាសន៍ក្នុងសិក្ខាសាលានោះ ឯកឧត្តម សុខ លក្ខិណា បានអោយដឹងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងបរិស្ថាននៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន កិច្ចការថែរក្សាទេសភាពវប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។ ហើយឯកឧត្តម បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗ យកទៅអនុវត្តន៍ក្នុងការងារប្រចាំថ្ងៃ។


គួរបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ស្វែងយល់និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។ ហើយពាក់ព័ន្ធទៅនឹងការរៀបចំសិក្ខាសាលានេះដែរ អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំឡើងយ៉ាងទៀងទាត់៤ដងក្នុងមួយឆ្នាំ៕



ដោយ៖ ហង្ស សៀក





