ឯកឧត្តម ជា វ៉ាន់ដេតជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងអ្នកជំនាញ ផ្នែកបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលមានគុណវុឌ្ឍិផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រមាណ ៧៥រូប នៅទីស្ដីការក្រសួង ។

ថ្លែងក្នុងជំនួប ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសរំលេចអំពី វឌ្ឍនភាព និងសមិទ្ធផលលើការងារបញ្ញាសិប្បនិម្មិត (AI) ដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន៖ ការរៀបចំតាក់តែងគោលនយោបាយ និងលិខិតបទដ្ឋាន យន្តការអភិបាលកិច្ច ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការប្រមូលទិន្នន័យ ការអភិវឌ្ឍម៉ូឌែលភាសាទូលាយ (Large Language Model) និងការអភិវឌ្ឍថ្នាលដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការណែនាំឱ្យមានការគិតគូរលើការរៀបចំតាក់តែងផែនការមេ និងផែនសកម្មភាពរយៈពេលមធ្យម ក្នុងការអភិវឌ្ឍន៍ថ្នាល ការធ្វើអភិបាលកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍និងទាញយកផលប្រយោជន៍ ពីការវិវឌ្ឍន៍យ៉ាងលឿននៃបច្ចេកវិទ្យានេះ ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





