ប្រធានក្រុមប្រឹក្សាស្រុកស្ទោងកោតសរសើរប្រជាពលរដ្ឋឃុំម្សាក្រង ដែលបានចូលរួមតាមដាន និងគាំទ្រការអភិវឌ្ឍន៍មូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោងបានកោតសរសើរប្រជាពលរដ្ឋឃុំម្សាក្រងដែលបានចូលរួមតាមដាន និងគាំទ្រការអភិវឌ្ឍន៍មូលដ្ឋាន។ដោយបានយកចិត្តទុកដាក់តាមដានស្វែងយល់ និងចូលរួមផ្តល់មតិយោបល់លើការអនុវត្តន៍កម្មវិធីវិនិយោគរបស់រដ្ឋបាលឃុំក៏ដូចជាសកម្មភាពអភិវឌ្ឍនានា ដែលអនុវត្តដោយក្រុមការងារចុះមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ផ្សេងៗ។

លោកប្រធានក្រុមប្រឹក្សាបានសម្តែងនូវការកោតសរសើរនេះនៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោង ដែលរៀបចំឡើងនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញនិងប្រជាពលរដ្ឋជាច្រើននាក់។
លោកប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដាន និងវាយតម្លៃលើការអនុវត្តន៍គម្រោងអភិវឌ្ឍនៅមូលដ្ឋាននេះគឺជាកត្តាសំខាន់ ដែលជួយធានាឱ្យការអនុវត្តន៍ការងារមានតម្លាភាព ប្រសិទ្ធភាពនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះកម្មវិធីវិនិយោគ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋានបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃការផ្សព្វផ្សាយព័ត៌មាន និងការចូលរួមរបស់សហគមន៍ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោងក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមផ្តល់មតិយោបល់ សំណូមពរ និងសំណួរផ្សេងៗ តាមរយៈវេទិកាសាធារណៈនានា ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការដោះស្រាយបញ្ហា និងរៀបចំផែនការអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

វេទិកាពិគ្រោះយោបល់នេះ ក៏ជាឱកាសមួយសម្រាប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានជួបពិភាក្សាផ្ទាល់ ផ្លាស់ប្តូរមតិយោបល់ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានចីរភាព និងប្រសិទ្ធភាព៕
ដោយ ស៊ុម វណ្ណា





