ឯកឧត្តម គួច ចំរើន ចុះពិនិត្យជាក់ស្តែង ឃ្លាំងស្តុកទំនិញចែកចាយ សាច់បង្កក ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅឃុំបែកចាន ស្រុកអង្គស្នួល
AKP កណ្តាល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ អភិបាលរងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយ មានសាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo ប្រហិតម៉ាក TSP ភាគច្រើនសុទ្ធតែជាទំនិញ ខូច/គ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ចំនួន ២កន្លែង ដោយ ១កន្លែង ស្ថិតចំណុចភូមិព្រៃបឹង និង១កន្លែងទៀតស្ថិតនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់ទីតាំង និងអាជីវកម្មឈ្មោះលោកស្រី ទ្រី សុភាព មានយីហោ/ម៉ាក (TSP) លក់ប្រហិត ហតដកខ្មែរគ្រប់មុខ ។

ក្នុងប្រតិបត្តិការនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារបានរកឃើញការនាំចូល និងស្តុកទុកផលិតផលចំណីអាហារជាច្រើនមុខ ដែលមានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យបានបង្ហាញថា ទូបង្កកមួយចំនួនមិនបានដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ ដែលបង្កឱ្យមានការសង្ស័យថា ជាការបន្លំសាធារណជនអំពីស្ថានភាពរក្សាទុកទំនិញតាមស្តង់ដាដែលបានកំណត់។

ក្រុមការងារក៏បានរកឃើញផលិតផលមួយចំនួនមិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយផលិតផលខ្លះទៀតបានផុតកំណត់គុណភាពរួចហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមានការរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ មួយវិញទៀតចំពោះទំនិញដែលត្រូវបានកំណត់ថា គ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ចំណែកផលិតផលមួយចំនួនទៀត ដែលនៅមានកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្តែស្ថិតក្រោមការសង្ស័យ ក្រុមមន្ត្រីជំនាញ ក.ប.ប. បានយកសំណាកទៅវិភាគបន្ថែម មុនសម្រេចចាត់វិធានការបន្ត ។ ទីតាំងខាងលើនេះ បើតាមការស៊ើបអង្កេតបឋមបង្ហាញថា ម្ចាស់សិប្បកម្មមិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់ និងចំណីអាហារពីប្រភពផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស មកវេចខ្ចប់ និងចែកចាយបន្ត ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការចូលរួមសហការពីសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការចែកចាយចំណីអាហារខូចគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកប្រើប្រាស់ទូទៅ ពីហានិភ័យដែលអាចបង្កឡើងដោយផលិតផលគ្មានសុវត្ថិភាពទាំងនេះ។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ត្រីជំនាញក្នុងប្រតិបត្តិការនេះ គឺបានដកហូតឧបករណ៍ និងសម្ភារៈដូចជា ទី១ ប្រហិតចម្រុះ ១៣មុខ ទម្ងន់ ១ ០០០គីឡូក្រាម ទី២ ប្រហិតក្តាម នំប៉ាវ ហតដក ៣មុខ ទម្ងន់ ៧៥០គីឡូក្រាម ទី៣ ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់ ១០០គីឡូក្រាម ទី៤ ប្រហិតម៉ាក់ TSP ទម្ងន់ ៣០០គីឡូក្រាម ទី៥ ប្រហិតហតដក គ្មានម៉ាក់ ២៥កេស ទម្ងន់ ១ ៥៥០គីឡូក្រាម សរុប ៨ ៨៩០គីឡូក្រាម ដើម្បីយកទៅពិនិត្យ និងកម្ទេចចោល ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





