គណៈកម្មការទី៩រដ្ឋសភា ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ --គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីលទ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗរបស់រដ្ឋបាលខេត្តសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថ កិច្ចទទួលខុសត្រូវរបស់មន្ទីរ-អង្គភាពជំនាញ ប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម ក្នុងការអនុវត្តច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយខេត្តជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ ព្រមទាំងប្រមូលនូវសំណូ មពរនានារបស់ខេត្តទៅកាន់រដ្ឋសភា។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ នូវសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ និងការបំភ្លឺនូវសំណួរឈ្វេងយល់របស់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ នានា រួចមកគណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីភារកិច្ចបម្រេីជាតិ និងប្រជាជនទទួលបានលទ្ធ ផលយ៉ាងល្អប្រសើរ។

ដើម្បីបន្តជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត គណៈកម្មការទី៩ នៃរដ្ឋសភា បានជំរុញឱ្យបន្តយកចិត្តទុកដាក់ថែទាំ និងស្ថាបនាផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនីឱ្យបានទៅដល់តំបន់ដាច់ស្រយាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាព លរដ្ឋ និងគាំទ្រដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងអាជីវកម្មរ៉ែ និងថាមពល ដោយធានាឱ្យបាននូវការគោរ ពច្បាប់ បរិស្ថាន និងផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសដីធ្លីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិធី និងតម្លាភាព ជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បន្តសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងការផ្សព្វផ្សា យច្បាប់ដែលរដ្ឋសភាបានអនុម័ត ឱ្យបានជ្រាបដល់មន្ត្រីអនុវត្តផ្ទាល់ និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវការគោរពច្បាប់ប្រកបដោយសមធម៌ និងប្រសិទ្ធភាពខ្ពស់។

សម្រាប់រាល់បញ្ហា និងសំណូមពរទាំងអ ស់របស់ខេត្តរតនគិរី គណៈកម្មការទី៩ នឹងធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសុំការអន្តរាគមន៍ដោះស្រាយទៅកាន់ក្រសួងពាក់ព័ន្ធនានា៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





