ក្រសួងបរិស្ថានបង្កើតសហគមន៍តំបន់ ការពារធម្មជាតិ បានចំនួន ១៩៤ សហ គមន៍ និងមានសមាជិកសរុបចំនួនជាង៧ម៉ឺនគ្រួសារ
AKP ភ្នំពេញថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦---គិតរហូតមកដល់ឆ្នាំ២០២៦ ក្រសួង បរិស្ថាន បានគាំទ្រនិងសម្របសម្រួល បង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដែលមានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ ហើយនិងបានចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២១៧៤ហិកតា។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២៦ថាក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្ម ជាតិ ដោយមានសមាជិកចូលរួមចំនួន ២២៤១៤ គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ឃុំ៥៤ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។

ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការ រៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថានបានដឹកនាំ សហការជាមួយក្រសួងស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្បទាទេសចរណ៍ជាមូលដ្ឋាននៅក្នុង ទីតាំងរមណីយដ្ឋានសហគមន៍រួមាន៖ ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត និងអនាម័យ កញ្ចុះលម្ហែរ ផ្លូវធ្វើដំណើរក្នុងព្រៃ (Trails) ស្លាកសញ្ញាសម្គាល់ទិស កន្លែងបោះតង់ ផ្ទះស្នាក់ របាំ និងវប្បធម៌សហគមន៍ ដោយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ និងភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។

ជាមួយគ្នានេះក្រសួងបរិស្ថានបានឱ្យដឹងដែរថាជាលទ្ធផលបច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិសម្រាប់ឆ្នាំ២០២៦(រយៈពេល៥ខែ) មានចំនួន ៣៤២០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦០៦៥នាក់ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាមានចំនួន ជាង ៣០ម៉ឺនដុល្លារអាមេរិក (ដោយមិនទាន់គិតពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) ក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០ នាក់៕
ដោយ៖មករា





