មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរកឃើញ ក្រុមហ៊ុនឯកជនមួយ បានដឹកជញ្ជូនសំណល់គ្រាប់ និងសំបកស្វាយ ទៅចាក់ចោលពាសវាពាសកាល ប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋ
AKPភ្នំពេញថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៦---ក្រុមហ៊ុនមួយមានឈ្មោះថា វែងសេង ហ្រ្គីន ត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺរកឃើញថា បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយសារត្រូវបានគេរកឃើ ញថាដឹកជញ្ជូនសំរាម សំណល់គ្រាប់ និងសំបកស្វាយ ទៅចាក់ចោលពាសវាពាសកាល ប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រសួងបរិស្ថានឱ្យដឹងនៅយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ថាក្រោមកិច្ចសហ ការរវាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អាជ្ញាធរ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យនិងបានរកឃើញ ទីតាំងទីលានចាក់សំរាមមួយកន្លែង ក្នុងភូមិសាស្រ្ត ស្រុក គង ពិសី ខេត្ត កំពង់ស្ពឺ ដែលក្រុមហ៊ុនវែងសេងហ្រ្គីន បានដឹកសំរាម និងសំណល់ស្វាយ(សំបកនិងគ្រាប់) មកចាក់ចោលពាសវាលពាសកាល លើដីស្រែប្រជា ពលរដ្ឋ និងដីសាធារណៈ ព្រមទាំងមានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថាន សុខ ភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថាការចោលសំរាមពាសវាលកាលគឺជាទង្វើល្មើស ទៅនឹងក្រមបរិស្ថាន និង ធធានធម្មជាតិ ដែលតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់នេះជាបន្ទាន់។

ប្រភពដដែលនេះឱ្យដឹងផងថាមន្ទីរបរិស្ថាន ខេត្ត កំពង់ស្ពឺតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់យកសំណល់ស្វាយ(សំបក គ្រាប់ និងទឹក) ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាណាក៏ដោយ។ក្រៅពីនេះក៏ត្រូវ ផ្តល់សំណងការខូចខាត ត្រូវស្តារការខូចខាតបរិស្ថានឡើយវិញ ដោយក្រុមហ៊ុន ត្រូវប្រមូលសំណល់ស្វាយ(សំបក និងគ្រាប់) ដែលបានចាក់លើដីប្រជាពលរដ្ឋ និងដីសាធារណៈ យកទៅដាក់នៅទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដី ចាប់ពីពេលនេះ មានរយៈពេលមួយសប្តាហ៍។ ករណីក្រុមហ៊ុនមិនបានអនុវត្តតាម ក្រសួងបរិស្ថាននឹងសម្រេចផ្អាកចេញលិខិតសម្រាប់អាជីវកម្ម៕
ដោយ៖មករា





