អភិបាលក្រុងសិរីសោភ័ណ ជំរុញឱ្យរួមគ្នាផ្លាស់ប្តូរទម្លាប់មកជា «ដាំកូនឈើប្រកបដោយការទទួលខុសត្រូវខ្ពស់» ដើម្បីកេរមរតកបៃតងនៅក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦--- ការដាំដើមឈើមិនមែនជាការបង្កើតរូបភាពស្អាតៗត្រឹមមួយថ្ងៃនោះទេ ប៉ុន្តែវាជាការបណ្តុះជីវិត និងការទទួលខុសត្រូវរយៈពេលវែងសម្រាប់អនាគត។ នេះជាយុទ្ធសាស្ត្រគន្លឹះ និងជាសារដាស់តឿនដ៏មានទម្ងន់របស់ថ្នាក់ដឹកនាំ នៅក្នុងយុទ្ធនាការដាំកូនឈើទ្រង់ទ្រាយធំ ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិ នៅក្នុងក្រុងសិរីសោភ័ណ កាល ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

យុទ្ធនាការដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំផ្ទាល់ដោយ លោក ស្រេង សុផលអភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ និង លោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់កំពង់ស្វាយ កម្លាំងប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សកម្មភាពដាំកូនឈើនេះ ត្រូវបានអនុវត្តឡើងនៅតាមបណ្តោយសងខាងផ្លូវ៧មករា ជុំវិញសាលាបឋមសិក្សាភ្នំបាក់ វិទ្យាល័យទឹកថ្លា វិទ្យាល័យអូរអំបិល និងវិទ្យាល័យសម្តេចឪ។

នៅក្នុងឱកាសនោះ លោក ស្រេង សុផល បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅអំពីសារប្រ យោជន៍មិនអាចកាត់ថ្លៃបាននៃដើមឈើ ដោយលោកបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ដើមឈើគឺជារបាំងធម្មជាតិ និងជាខ្យល់ដង្ហើមនៃភពផែនដី។ វាជាប្រភពទ្រទ្រង់ជីវិតមនុស្ស សត្វ ជួយរក្សាលំនឹងធម្មជាតិ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជួយកាត់បន្ថយគ្រោះធម្មជាតិនានាដែលកំពុងគំរាមកំហែងដល់យើងរាល់ថ្ងៃ។

ដើម្បីកុំឱ្យយុទ្ធនាការនេះក្លាយជាព្រឹត្តិការណ៍បង្កាត់ភ្លើងចំបើង ឬគ្រាន់តែជាការដាំជានិមិត្តរូបយកទម្រង់ លោកអភិបាលក្រុងសិរីសោភ័ណ បានសង្កត់ធ្ងន់ និងដាក់ចេញនូវការណែនាំដ៏ម៉ឺងម៉ាត់ថាការដាំកូនឈើ គឺជារឿងមួយដ៏ប្រសើរ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តថែទាំ បោចស្មៅ និងស្រោចទឹកកូនឈើដែលបានដាំរួចទាំងនោះ ឱ្យមានជីវិតរស់រាន និងលូតលាស់ធំធាត់ទៅថ្ងៃអនាគត។ យើងត្រូវរួមគ្នាផ្លាស់ប្តូរទម្លាប់ពីការគ្រាន់តែដាំ មកជាការដាំប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ការរួមសហការពីសំណាក់ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានបង្ហាញពីការផ្សារភ្ជាប់ រវាងការអប់រំ និងបរិស្ថាន ដែលការជ្រើសរើសទីតាំងដាំដុះនៅតាមគ្រឹះស្ថានសិក្សា គឺជាយុទ្ធសាស្ត្របណ្តុះ «ស្មារតីបៃតង» ទៅក្នុងស្រទាប់យុវវ័យផ្ទាល់តែម្តង។

សកម្មភាពដាំកូនឈើដ៏រស់រវើកនាឱកាសនោះ មិនត្រឹមតែជាការចូលរួមអបអរសាទរទិវាបរិស្ថានជាតិប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសារចលនាបំផុសគំនិត និងមនសិការស្រឡាញ់បរិស្ថានយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូបក្នុងក្រុងសិរីសោភ័ណ ក៏ដូចជាទូទាំងខេត្តបន្ទាយមានជ័យ។
នេះជាការបោះជំហានរួមគ្នា ក្នុងការស្ម័គ្រចិត្តចូលរួមការពារធនធានធម្មជាតិ និងបរិស្ថានរស់នៅជុំវិញខ្លួនចាប់ពីពេលនេះតទៅ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបន្សល់ ទុកនូវកេរមរតកបៃតងដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយឱ្យទទួលបានខ្យល់បរិសុទ្ធ និងភពផែនដីដ៏ស្រស់បំព្រង៕
ដោយ៖ឈុនសារ៉ាត





