មន្ត្រីតួកគីគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- លោក ប័រហាណេតទីន ឌូរេននាយកផ្នែកទំនាក់ទំនងរបស់ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងប្រទេសតួកគីនិងអារ៉ាប៊ីសាអូឌីត ក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការតភ្ជាប់ក្នុងតំបន់ដោយលោកបានពណ៌នាថា វាជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យការទូតរបស់លោកប្រធានាធិបតី រេសេប តាយយីប អឺដូហ្គែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតួកគី NSosyal លោក ឌូរេន បាននិយាយថាប្រទេសតួកគីធ្លាប់ឈរនៅចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មសំខាន់ៗដែលភ្ជាប់ទ្វីបនានា ហើយបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់តំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក ឌូរេន បាននិយាយថា «កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត ក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការតភ្ជាប់ក្នុងតំបន់ គឺជាការឆ្លុះបញ្ចាំងជាក់ស្តែងនៃការទូតដែលមានចក្ខុវិស័យដែលដាក់ចេញដោយប្រធានាធិបតីរបស់យើង គឺលោក រេសេប តាយយីប អឺដូហ្គែន»។
លោកបានបន្ថែមថា ច្រករបៀងដឹកជញ្ជូនដែលធ្លាប់ភ្ជាប់អរិយធម៌ឥឡូវនេះកំពុងជួយជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍ និងវិបុលភាព។
លោក ឌូរេន បាននិយាយថា ផ្លូវដឹកជញ្ជូនជំនួសដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិក្នុងតំបន់ កំពុងពង្រឹងមិនត្រឹមតែសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ស្ថិរភាពក្នុងតំបន់ និងនិរន្តរភាពសេដ្ឋកិច្ចផងដែរ។
លោកបាននិយាយថា «ក្រោមការដឹកនាំរបស់ប្រធានាធិបតីរបស់យើងប្រទេសតួកគីនឹងបន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ និងបើកឱកាសថ្មីៗដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





