ប្រមុខអង្គការណាតូ៖ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះសម្ព័ន្ធភាព
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រុតតេ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធភាពអន្តរអាត្លង់ទិក ដោយបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តដើរតួនាទីនាំមុខគេក្នុងការការពាររួមរបស់អង្គការណាតូ។
លោក រុតតេ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក ចូណាស់ ហ្កាស្តរនៅទីក្រុងព្រុចសែលថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះអង្គការណាតូ»។
នៅពេលដែលត្រូវបានសួរថា តើប្រទេសន័រវេសនៅតែអាចពឹងផ្អែកលើអង្គការណាតូ និងសហរដ្ឋអាមេរិកក្នុងករណីមានការវាយប្រហារឬអត់លោកបាននិយាយថា «យើងឃើញការប្តេជ្ញាចិត្តនោះជារៀងរាល់ថ្ងៃនៅក្នុងសម្ព័ន្ធភាពជាមួយកងទ័ពអាម៉េរិកនៅអឺរ៉ុប ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងសម្ព័ន្ធភាព និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះការការពាររួមរបស់យើង»។
លោក រុតតេ បាននិយាយថា ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង ដោយបានកត់សម្គាល់ថាសហរដ្ឋអាមេរិកបន្តគាំទ្រស្ថាបត្យកម្មសន្តិសុខរបស់អង្គការណាតូជារៀងរាល់ថ្ងៃ។
ប្រធានអង្គការណាតូក៏បានបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងនៃតំបន់អាកទិក និងតំបន់ភាគខាងជើង ដោយពិពណ៌នាអំពីជំនាញនិងភាពជាអ្នកដឹកនាំរបស់ប្រទេសន័រវេសថា មានសារៈសំខាន់ចំពោះជំហររបស់សម្ព័ន្ធភាពនៅក្នុងតំបន់។
ទន្ទឹមនឹងនេះ លោក ស្តរ បានសង្កត់ធ្ងន់ថា ការចំណាយទៅលើការការពារជាតិកាន់តែច្រើនគួរតែត្រូវបានសម្របសម្រួលក្នុងចំណោមសម្ព័ន្ធមិត្ត ដើម្បីពង្រឹងសមត្ថភាពរួមរបស់អង្គការណាតូ និងផែនការការពារជាតិក្នុងតំបន់។
មុននេះបន្តិច នៅថ្ងៃព្រហស្បតិ៍ លោក ស្តរ ក៏បានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អេនតូនីញ៉ូ កូស្តា និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





