សម្តេច ម៉ែន សំអន ស្នើឱ្យមន្ដ្រីជំនាញពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ និងបង្កើនទំនិញក្នុងស្រុក
ភ្នំពេញ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៦ -- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើឱ្យមន្ដ្រីជំនាញត្រូវបន្ដអនុវត្ដពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ និងលើកកម្កើងទំនិញក្នុងស្រុក និងជីវភាពពលរដ្ឋធូរធារ ។

សម្ដេច ម៉ែន សំអន បានស្នើបែបនេះ ខណៈអញ្ជើញចូលរួមពិធីបើក «ពិព័រណ៍ទុរេន និងដំណាំផ្លែឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំផងដែរ។ កម្មវិធីពិព័រណ៍ទុរេន និងដំណាំផ្លែឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានរៀបចំឡើយដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមាត់ទន្លេសិប្បនិមិ្មត្ត ខេត្តត្បូងឃ្មុំ។ ក្នុងពិព័រណ៍នេះ ភ្ញៀវអញ្ជើញចូលរួមនឹងមានឱកាសទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំដ៏ល្បីល្បាញដែលដាំដុះតាមស្តង់ដារ និងមានគុណភាពខ្ពស់ ស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែជាច្រើន ដូចជាមង្ឃុត ខ្នុរ សាវម៉ាវ មៀន និងផលិតផលកសិកម្មផ្សេងៗទៀត គាំទ្រផលិតផលរបស់ប្រជាកសិករដោយផ្ទាល់ តាមរយៈការទិញ និងការបញ្ជាទិញពីស្តង់ពិព័រណ៍ និងស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ និងអ្នកស្រឡាញ់ផលិតផលកសិកម្មទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មខ្មែរ ជាពិសេសទុរេន និងដំណាំឈើហូបផ្លែរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ៕

ដោយ៖ សួស សំរិត





