តំណាងកាកបាទក្រហមកម្ពុជាចូលរួមសន្និសីទសារព័ត៌មានស្តីអំពីជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដំបូងគេនៅតំបន់អាស៊ី-បាស៊ីហ្វិក ដែលបានសម្រេចគោលដៅសកល ៩៥-៩៥-៩៥
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ អញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីអំពី ជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដំបូងគេនៅតំបន់អាស៊ី-បាស៊ីហ្វិក ដែលបានសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដោយមានការចូលរួមពី លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិ រួមគ្នាស្តីពីមេរោគ អេដស៍ /ជំងឺ អេដស៍ (UNAIDS) ព្រមទាំងភាគីពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូប ដែលពិធីនេះរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី វិមានមិត្តភាព នារសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ។

សន្និសីទព័ត៌មាននេះធ្វើឡើងបន្ទាប់ពី UNAIDS ទទួលស្គាល់កម្ពុជា គឺជាប្រទេសទី៨ចំណោមប្រទេសទាំងអស់ក្នុងពិភពលោក និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ យ៉ាងត្រចះត្រចង់ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ ទៅកាន់បណ្ដាប្រទេសក្នុងពិភពលោក។ ក្នុងនាមកាកបាទក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបង្កើតឱ្យមានកម្មវិធីអេដស៍ តាំងពីពាក់កណ្តាលឆ្នាំ១៩៩៥ ដោយចាប់ផ្តើមការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ បំណិន ជីវិត និងការផ្លាស់ប្តូរការប្រព្រឹត្ត ក្នុងចំណោមស្រទាប់ប្រជាជននៅក្នុងសហគមន៍ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន បុគ្គលិកបម្រើការនៅកាស៊ីណូ កម្មករ-កម្មការិនីរោងចក្រ ជនបម្លាស់ទី ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈ និងស្បៀងអាហារដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងជាពិសេសកុមាររងគ្រោះដោយសារអេដស៍ ក្នុង១១ខេត្ត/ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ២០០៦ បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជា “ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា”សម្ដេច បានណែនាំឱ្យបង្កើតក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានយន្តការច្បាស់លាស់ស្របតាម រចនាសម្ព័ន្ធដែល មានស្រាប់របស់កក្រក គ្របដណ្ដប់ទូទាំងប្រទេស ជំរុញការអនុវត្តផ្ទាល់ដោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិទូទាំង២៥សាខារាជធានី-ខេត្ត តាមរយៈបណ្ដាញដ៏រឹងមាំរបស់អ្នកស្ម័គ្រចិត្ដ យុវជន និងមន្ត្រីសាខា-អនុសាខា។

លោកជំទាវបន្តថា ឆ្លងកាត់តាមសកម្មភាពដ៏ខ្លាំងក្លានៃការចូលរួមចំណែករបស់កាកបាទក្រហមកម្ពុជា យើងសង្កេតឃើញថា ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានការធ្លាក់ចុះ អ្នកដែលសង្ស័យថាប្រឈមនឹងមេរោគអេដស៍ បានទៅធ្វើតេស្តរកមេរោគអេដស៍ ញ៉ាំងឱ្យកម្ពុជាសម្រេចបានគោលដៅ៩៥ ទី១នាពេលនេះ ហើយអ្នកផ្ទុកមេរោគអេដស៍រស់នៅមានភាពសុខដុមរមនា មានសមាហរណកម្មល្អដោយមិនមានការរើសអើងនិងមាក់ងាយ។
មតិចូលរួមពីវាគ្មិនដទៃទៀតក៏បានលើកសរសើរឱ្យតម្លៃខ្ពស់ដល់កាកបាទក្រហមកម្ពុជា រួមមាន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី កាកបាទក្រហមកម្ពុជា បានជួយលើការងារអេដស៍ច្រើនណាស់ ដូចនេះយើងទាំងអស់គ្នាមិនអាចមិននឹកគុណកាកបាទក្រហមកម្ពុជាបានទេ ហើយជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាន លោកបានដឹកនាំការងារនេះដោយផ្ទាល់ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិផងដែរ។


លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា កាកបាទក្រហមកម្ពុជា មានតួនាទីសំខាន់ ជាពិសេសសំណូមពរឱ្យកាកបាទក្រហមកម្ពុជា ជួយថែមទៀតដោយជំរុញឱ្យស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ ទៅធ្វើតេស្តរកមេរោគអេដស៍ និងស្វាយ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា កាត់បន្ថយការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
លោក សឺម សុផល តំណាងអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ៖គុណបំណាច់ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគំរូដែលផ្តល់ឱ្យលោកមានក្តីសង្ឃឹម បានមកដល់ថ្ងៃនេះ ដោយសារឃើញសម្តេចពក្មេងដែលរងគ្រោះដោយមេរោគអេដស៍ ដែលធ្វើឱ្យលោកមានទឹកចិត្ត ហើយក៏ជាចំណែកមួយដែលធ្វើឱ្យការរើសអើងនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





