អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦---
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សា នុសិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង! ។
ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តមគឹម ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុការងារមន្ទីរព័ត៌មានខេត្តតា កែវ លោក ម៉ម កាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមទាំងលោក-លោកស្រីប្រធាន អនុប្រ ធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល ក្រុងដូនកែវ កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ លោក-លោកស្រីចៅសង្កាត់ទាំង៣ លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក. និងប្អូនៗសិស្សានុសិស្សសរុបប្រមាណជា ២,០០០នាក់។

ឯកឧត្តម ទេព អស្នារិទ្ធ បានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលអាចបំផ្លាញទំនុកចិត្ត សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលបានយ៉ាងងាយ។ ដូច្នេះ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងជឿ ឬចែករំលែក (Share) ព័ត៌មានណាមួយ សូមអនុវត្តតាមគោលការណ៍ "អង្កេតមុនជឿ" "ពិចារណាមុនចែករំលែក" ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មា នបានណែនាំដល់យុវវ័យ ត្រូវប្រើ ប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន (Facebook, TikTok, Telegram) ដើម្បីចែករំលែកចំណេះដឹង ការអប់រំ និងវប្បធម៌ល្អៗ ជំនួសឱ្យការចែកចាយព័ត៌មានដែលបង្កការរើសអើង ឬការស្អប់ខ្ពើម ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បាន លើកទឹកចិត្តដល់យុវសិស្សត្រូវ ចាត់ទុកឧបករណ៍បច្ចេកវិទ្យាដូចជាស្មាតហ្វូន ជា «កញ្ចក់ឆ្លុះការពិត» និងជា «ខែលសុវត្ថិភាព» ដើម្បីការពារសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមជាតិ ព្រោះថា សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ គឺត្រូវចាប់ផ្តើមចេញពីសិស្សម្នាក់ៗ និងពលរដ្ឋគ្រប់រូប។

លោក ម៉ម កាយ អភិបាលរងខេត្តតាកែវ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបា ទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងសិស្សានុសិស្ស បានគាំទ្រចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។


យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕
ដោយ៖ ប៊ុនរិទ្ធ





