អាស៊ាន-ចិន ដាក់ចេញកម្មវិធីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦–ប្រទេសចិន និងដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពីរ ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការឌីជីថល និងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន ដោយកម្ពុជាបានស្វាគមន៍ចំពោះចលនានេះជាជំហានទាន់ពេលវេលាឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងតំបន់។
ភាគីទាំងពីរបានបង្ហាញគំនិតផ្តួចផ្តើមទាំងនេះដែលមាន កម្មវិធីបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងស៊េរីដំណើរកម្សាន្តបេតិកភណ្ឌវប្បធម៌យុវជនឆ្នាំ២០២៦ នៅឯវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ឆ្នាំ២០២៦ (2026 Media Cooperation Forum) នៅទីក្រុងសិនយ៉ាង ខេត្តលែវនីង កាលពីថ្ងៃអង្គារ។
កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាពប្រព័ន្ធផ្សព្វផ្សាយសម័យឌីជីថល លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមយុវជន និងអ្នកបង្កើតមាតិកាឌីជីថលទូទាំងតំបន់។
ថ្លែងនៅក្នុងវេទិកានេះ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការកម្មវិធីបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោកបានមានប្រសាសន៍ថា ៖«គំនិតផ្តួចផ្តើមនេះគឺទាន់ពេលវេលា និងមានសារៈសំខាន់ ដោយសារអ្នកបង្កើតមាតិកាឌីជីថលកំពុងក្លាយជាដៃគូដ៏មានឥទ្ធិពលក្នុងទំនាក់ទំនងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន»។
លោកបានលើកទឹកចិត្តអ្នកបង្កើតមាតិកាឱ្យផលិតមាតិកាដែលអាចទុកចិត្តបាន ពហុភាសា និងគោរពវប្បធម៌ ខណៈពេលដែលជួយកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំតាមរយៈការចូលរួមឌីជីថលដែលមានទំនួលខុសត្រូវ។
លោក ប្រាក់ ថាវអមិដា បានមានប្រសាសន៍បន្តថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកដទៃទៀត ប្រទេសចិន ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នស្រាវជ្រាវ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងចែករំលែកអត្ថប្រយោជន៍រួមគ្នានៅទូទាំងតំបន់។
វេទិកានេះធ្វើឡើងក្រោមប្រធានបទ «ការបង្រួបបង្រួមប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរីកចម្រើនរួមគ្នា៖ ការបើកជំពូកថ្មីក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» ធ្វើឡើងខណៈដែលភាគីទាំងពីរកំពុងរៀបចំដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនា និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅឆ្នាំ២០២៦។
លោក ចាង ប៉ (Chang Bo) ប្រធានក្រុមទំនាក់ទំនងអន្តរជាតិចិនបានមានប្រសាសន៍ថា អង្គភាពសារព័ត៌មានដើរតួនាទីពិសេសក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន។
លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកាន់តែស៊ីជម្រៅនឹងបង្កើតបរិយាកាសមតិសាធារណៈអំណោយផលសម្រាប់កិច្ចសហការនាពេលអនាគត។
លោក ណារ៉ារីយ៉ា ស៊ូប្រាប់តូ (Nararya Soeprapto) អគ្គលេខាធិការរងអាស៊ាន បានមានប្រសាសន៍ថា ទំនាក់ទំនងរបស់ប្លុកជាមួយទីក្រុងប៉េកាំង គឺជាភាពជាដៃគូដ៏ស្វាហាប់បំផុតមួយរបស់ពិភពលោក ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តំបន់នេះអស់រយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ខណៈដែលប្លុកនេះបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិនអស់រយៈពេល ៦ ឆ្នាំកន្លងមក។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលភាគីទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍ដ៏សំខាន់របស់ពួកគេ។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាឌីជីថល ដោយផ្តល់វេទិកាមួយដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានដែលមានទស្សនវិស័យទៅមុខ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចំពេលមានទិដ្ឋភាពព័ត៌មានឌីជីថលដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស៕


ដោយ៖ គង់ សិរីរ័ត្ន





