សាលារៀនមិត្តភាពកម្ពុជា-ជប៉ុន និងអង្គការ IL NODO ទទួលថវិកាបានពីការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាបានពីការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជា «Carnegie in Cambodia» ជូនដល់សាលារៀនមិត្តភាពកម្ពុជា-ជប៉ុន និងអង្គការ IL NODO ដើម្បីគាំទ្រគម្រោងអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់សិស្សខ្វះខាតលទ្ធភាពនៅកម្ពុជា ពិធីនេះប្រព្រឹត្តទៅនៅសាលារៀនអន្តរជាតិកាណាដា (CIS)។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ Étoile Performing Arts និងសប្បុរសជនទាំងអស់ ដែលក្នុងនោះរួមមាន Vattanac, OCIC, Cellcard, Sofitel, Singapore Airlines, Phnom Penh Autonomous Port (PPAP) ចំពោះការចូលរួមចំណែកបង្កើតនូវសមិទ្ធផលរួមគ្នាគួរជាទីមោទនៈនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការប្ដេជ្ញាចិត្ត បន្តបេសកកម្មជួយស្វែងរកជំនួយគាំទ្រដល់សិស្សមកពីគ្រួសារទ័លក្រឱ្យទទួលបានឱកាសសិក្សារបស់ស្ថាបនិកវ័យក្មេង Anna Sophie ABE ដែលក្នុងវ័យ ១៧ឆ្នាំ បានបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មេត្តាធម៌ និងកិច្ចខិតខំប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ជំរុញឱ្យព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia» ដំណើរការទៅដោយជោគជ័យ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមបង្កើតមូលនិធិអាហារូបករណ៍ Étoile និងសូមថ្លែងអំណរគុណដល់កញ្ញា Anna Sophie ABE ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភថវិកាចំនួន ២០ ០០០ដុល្លារអាម៉េរិកសម្រាប់គាំទ្រ និងផ្ដល់អាហារូបករណ៍ដល់សិស្សនៅ The Cambodia-Japan Friendship School (CJFS) ខេត្តព្រៃវែង និង IL NODO Cambodia ដើម្បីអាចបន្តការសិក្សា ឈោងចាប់ក្ដីស្រមៃឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងន័យនេះ គំនិតផ្ដួចផ្ដើមនេះ មិនមែនគ្រាន់តែជាការបរិច្ចាគមួយគ្រានោះទេ ថែមទាំងជាកម្លាំងជំរុញដ៏សំខាន់ ជាការវិនិយោគលើសក្ដានុពលមនុស្សសម្រាប់អនាគតរបស់ប្រទេសកម្ពុជាថែមទៀតផង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





