សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តបន្ទាយមានជ័យ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តបន្ទាយមានជ័យ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។

ក្នុងខណៈ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១ ០៣៥នាក់ នព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តបន្ទាយមានជ័យទាំងអស់ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក និងបានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រមទាំងអតីតយុទ្ធជន ដោយសម្តេចបានលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» សម្តេចតេជោក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។ សម្ដេចតេជោ ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងចូលរួមថែរក្សាឱ្យបានគង់វង្ស។ សម្តេចតេជោ ក៏បានរម្លឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។
គួរបញ្ជាក់ដែរថា នេះជាបេសកកម្មលើកទី១៤ និងចំនួន១៦ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដែលគោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរម្លឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមាន៩ក្រុងស្រុក ៦៧ឃុំសង្កាត់ និង៦៦៧ភូមិ។ ខេត្តមានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តបាត់ដំបងខាងលិចជាប់នឹងប្រទេសថៃ។ ទាក់ទងទៅនឹងសេដ្ឋកិច្ចខេត្ត ក្នុងឆ្នាំ២០២៥កន្លងទៅខេត្តមានទំហំសេដ្ឋកិច្ច(GDP) ១ ៩១១លានដុល្លារ បានមកពីវិស័យសំខាន់ៗ រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម៕
ដោយ ជឹម ណារី





