សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយចំនួន ២៥ ម៉ឺនដុល្លារ ដើម្បីអភិរក្សប្រាសាទភ្នំបាខែង
AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- ដើម្បីអបអរសាទរខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិអាម៉េរិក និងខួបលើកទី២៥ នៃគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ មានមោទកភាពក្នុងការប្រកាសពីការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ចំនួន ២៥ម៉ឺនដុល្លារ ក្រោមកម្មវិធី ជំនួយពិសេស AFCP Freedom ២៥០ ដើម្បីអភិរក្សប្រាសាទភ្នំបាខែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដែលជាអង្គការអនុវត្តគម្រោងអាមេរិក ទទួលបានជំនួយ ថវិកាចំនួន ២៥០ ០០០ ដុល្លារ សម្រាប់គម្រោងដែលមានឈ្មោះថា «គ្រឹះនៃសេរីភាព៖ អង្គការមូលនិ ធិប្រាសាទពិភពលោក និងគម្រោងអភិរក្សប្រាសាទភ្នំបាខែង»។ ជំនួយថវិកានេះ នឹងជួយជំរុញដល់ការងារអភិរក្សនៅប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងរមណីយដ្ឋានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញនៅលើពិភពលោក។
អ្នកស្រី Katherine M. Diop អនុប្រធានស្តីទីស្ថានទូតអាម៉េរិកនៅភ្នំពេញ បានមានប្រសាសន៍នៅក្នុង កិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ក្នុងខេត្តសៀមរាបថា៖ «ជំនួយនេះ គឺជានិមិត្តរូបនៃភាពជាដៃគូ ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងរយៈ ២៥ ឆ្នាំកន្លងមកនេះកម្មវិធី AFCP បានចូលរួមចំណែកការពារទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូល គ្នារវាងការច្នៃប្រឌិតរបស់អាម៉េរិក និងជំនាញបច្ចេកទេសក្នុងស្រុក យើងនឹងធានាបានថា ទីតាំងប្រវត្តិសាស្ត្រនានា ដូចជាប្រាសាទភ្នំបាខែងនេះ នឹងត្រូវថែរក្សាបានគង់វង្សទុកសម្រាប់អ្នកបន្តជំនាន់ក្រោយៗទៀត»។
អង្គការ WMF បានបំពេញការងារយ៉ាងសកម្ម ជាបន្តបន្ទាប់នៅក្នុងរមណីយដ្ឋានបុរាណវិទ្យាអង្គរ ចាប់ តាំងពីឆ្នាំ ១៩៨៩ មក ដែលនេះបានសរបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំ ឧត្តមភាព និងកិច្ចសហប្រតិបត្តិការអស់រយៈពេលជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រង និងថែរក្សាវប្បធម៌ អន្តរជាតិ។ ជំនួយឥតសំណងមួយនេះ ក៏រួមចំណែកអបអរសាទរនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺការគាំ ទ្រក្រោមកម្មវិធី AFCP ជាង ២ ទសវត្សរ៍របស់សហរដ្ឋអាមេរិក ផ្តោតសំខាន់លើប្រាសាទភ្នំបាខែង។
សូមជម្រាបជូនថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានវិនិយោគថវិកាសរុបជាង ៥ លានដុល្លារ លើគម្រោង AFCP នានា ក្នុងប្រទេសកម្ពុជា និងជាង ៤ លានដុល្លារទៀត លើប្រាសាទភ្នំបាខែង ដែលធ្វើឱ្យប្រទេសកម្ពុជា ទទួលបានជំនួយអាម៉េរិកក្រោមកម្មវិធី AFCP ច្រើនជាងគេលំដាប់ទី២នៅលើពិភពលោក៕
ដោយ៖ រិទ្ធី





