គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេស កម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែងរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីយុត្តិធម៌នៃសាលាដំបូងខេត្តព្រៃវែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអា ជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង និងថ្នាក់ដឹកនាំលេខាធិ ការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តផងដែរ។
គោលបំណងសំខាន់ៗនៃបេសកកម្មមានដូចជា៖ស្វែងយល់ពីការអនុវត្តច្បាប់ដើម្បីក្តាប់ជាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចខេត្ត។
ប្រមូលធាតុចូលដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សំដៅជំរុញការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពយុត្តិធម៌សង្គម។
ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងការងារ និងយន្តការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា) និងស្ថាប័នតុលាការ។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់តុលាការខេត្តរួចមក គណៈកម្មការទី៦ នៃរដ្ឋសភា បានផ្តល់អនុសាសន៍ និងជំរុញលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ពន្លឿន និងលើកកម្ពស់គុណភាពនៃការកាត់ក្តី៖ ជំរុញឱ្យចៅក្រម និងព្រះរាជអាជ្ញា យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយសំណុំរឿងនានាឱ្យបានលឿន ត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ដើម្បីចៀសវាងការកកស្ទះសំណុំរឿង។ រក្សាភាពស្អាតស្អំ និងយុត្តិធម៌ ជំរុញឱ្យមន្ត្រីតុលាការទាំងអស់រក្សាភាពស្អាតស្អំ មិនលម្អៀង ដោយតម្កល់ផលប្រ យោជ ន៍ច្បាប់ និងយុត្តិធម៌ជាធំ សំដៅបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធតុលាការ។

ពង្រឹងការងាររដ្ឋបាលតុលាការដោយ ជំរុញឱ្យលេខាធិការដ្ឋានរដ្ឋបាលសាលា ដំបូងខេត្ត យកចិត្តទុកដាក់លើការងាររដ្ឋបាល និងផ្តល់សេវាគាំទ្រផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលមកទទួលសេវាឱ្យបានរហ័ស ទន់ភ្លន់ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





