ក្រសួងកិច្ចការនារីបើកសិក្ខាសាលាតម្រង់ទិស សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី ក្នុងគោលបំណងកំណត់នូវសូចនាករសមិទ្ធកម្មគន្លឹះ និងគោលដៅតាមឆ្នាំជាក់លាក់ នៅកម្រិតកម្មវិធីនីមួយៗ ក្នុងដំណើរការផ្លាស់ប្តូរឆ្ពោះទៅ «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាមូលដ្ឋានសម្រាប់អង្គភាពថវិកា រៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ គម្រោងថវិកាឆ្នាំ២០២៧ និងផែនការសមិទ្ធកម្មឆ្នាំ២០២៧ ដែលរៀបចំដោយក្រុមការងារថវិកានៃក្រសួងកិច្ចការនារី នាព្រឹកថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការនៃ ក.ជ.ក.ស អគ្គនាយករង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង២៥ និងតំណាងរបស់គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សរុបចំនួន ១៥០នាក់ (ស្រី ១១៥នាក់)។

នាឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍តម្រង់ទិសមួយចំនួន ជូនថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដូចខាងក្រោម៖
ទី១. កំណត់លើសកម្មភាពអាទិភាព ដោយផ្តោតលើការងារដែលមានលក្ខណៈជាប្រព័ន្ធនិងការពង្រឹងការផ្សារភ្ជាប់គ្នាទៅវិញមក (Think Systemically and Strengthen Vertical Linkages)។

ទី២. ការរៀបចំ និងធ្វើឱ្យសម្រេច KPIs រួម – ត្រូវពឹងផ្អែកលើសពីប្រភពថវិកាជាតិ – ដោយភ្ជាប់ជាមួយប្រភពផ្សេងៗទៀត (Strengthen Our KPIs through Additional Resource Linkages)។
ទី៣. ការពង្រឹងការផ្សព្វផ្សាយនិងការបង្ហាញសមិទ្ធផលដល់សាធារណៈជន(Communication and Public Visibility) តាមរយៈបញ្ចូលរួមគ្នា នៅក្នុងកម្មវិធី ពុកម៉ែល្អ គ្រួសារល្អ កូនល្អ» ដែលជាកម្មវិធីរួមរបស់ក្រសួង។
ទី៤. សូមថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់ បន្តយោគយល់ លើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងតម្រូវការអាទិភាពរបស់រដ្ឋ សម្រាប់កិច្ចការអាទិភាព ឆ្នាំ២០២៦ និងឆ្នាំ២០២៧។

ទី ៥. ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យការងារផ្អែកលើសមិទ្ធកម្ម៕
ដោយ ទូច វលក័្ខណ (ប្រភព៖ក្រសួងកិច្ចការនារី)





