រដ្ឋបាលខេត្តស្ទឹងត្រែងចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
AKP ស្ទឹងត្រែង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ព្រមទាំងចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំប្រព្រឹត្តទៅដោយជោគជ័យ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
កម្មវិធីជាតិដ៏មានសារៈសំខាន់នេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅក្នុងបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។ ការចុះពិនិត្យទីតាំងផ្ទាល់នេះ មានគោលបំណងធានាឱ្យដំណើរការរៀបចំទាំងមូល មានភាពរលូន ប្រសិទ្ធភាព និងសណ្តាប់ធ្នាប់ល្អ។

ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្តបានណែនាំឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំផែនការយ៉ាងលម្អិត និងសម្របសម្រួលការងារឱ្យបានម៉ឺងម៉ាត់ ដោយផ្តោតលើការរៀបចំវេទិកាពិធី ស្តង់តាំងបង្ហាញជំនាញ និងផលិតផល ការតុបតែងបរិវេណ បញ្ហាអនាម័យ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។


ជាមួយគ្នានេះ លោក ស្រ៊ន សំឫទ្ធី ក៏បានលើកទឹកចិត្តឱ្យស្ថាប័នអប់រំបណ្តុះបណ្តាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំស្តង់បង្ហាញ និងផ្សព្វផ្សាយអំពីជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យយុវជន និងប្រជាពលរដ្ឋទទួលបានព័ត៌មានទូលំទូលាយ និងអាចជ្រើសរើសជំនាញសមស្របតាមតម្រូវការទីផ្សារការងារ។
តាមការបញ្ជាក់ពីលោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានឲ្យដឹកថា. កម្មវិធីនេះនឹងមានសកម្មភាពសម្បូរបែប រួមមាន ការតាំងពិព័រណ៍ជំនាញបច្ចេកទេស ការបង្ហាញសមត្ថភាពជាក់ស្តែង ការផ្តល់ព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាល ព្រមទាំងការចូលរួមពីស្ថាប័នសិក្សា និងវិស័យឯកជនជាច្រើន។


គួរបញ្ជាក់ថា ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះសំខាន់ក្នុងការបង្កើនសមត្ថភាពការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ៕
ដោយ AKP





