វឌ្ឍនភាពនៃការងារជួសជុល និងថែទាំខួបប្រឡាយមេអូរជីមាឃ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ សម្រេចបានប្រមាណជា៨៦%ហើយ
AKP ភ្នំពេញ ទី១០ ខែមិថុនា ឆ្នាំ២០២៦--ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម គិតមកទល់នឹងថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា៖ ការងារជួសជុល និងថែទាំខួបប្រឡាយមេអូរជីមាឃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចិនជើង និងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំម្រេចបានប្រមាណ ៨៦%ហើយ។
សូមបញ្ជាក់ផងដែរថា ប្រឡាយមេអូរជីមាឃ មានលទ្ធភាពស្រោចស្រពផ្ទៃដីរដូវប្រាំងចំនួន ៨៤២ ហិកតា និងរដូវវស្សាចំនួន ១០៥០ ហិកតា។ ការងារថែទាំខួបប្រឡាយមេអូរជីមាឃ ក្នុងឆ្នាំ២០២៦ រួមមាន៖
១- ស្តារប្រឡាយមេ ១ ខ្សែ ប្រវែង ២៦០០ ម៉ែត្រ។
២- សាងសង់ប្រឡាយមេបេតុង ១ ខ្សែ ប្រវែង ៣៦០០ ម៉ែត្រ។
៣- ស្តារប្រឡាយរង ១ ខ្សែ ប្រវែង ១០០០ ម៉ែត្រ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៦ នេះ ការងារថែទាំជាប្រចាំ និងថែទាំខួបប្រព័ន្ធធារាសាស្ត្រខ្នាតមធ្យម និងខ្នាតធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានចំនួន ១១ គឺ៖
១- ប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ២- ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង,៣- ប្រឡាយអូរជីមាឃ, ៤- ប្រឡាយទំពេជ,៥- ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ,៦- ដំបូកយួន ,៧- បឹងត្បូង ៨ អូរអ្នកតាកែ ,៩- ក្រហមករ,១០- ឈូកខ្សាច់ និង១១- ប្រព័ន្ធធារាសាស្ត្រអូរក្រញ៉ាក ៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





