ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍
AKP ភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន (The International Association of Traffic and Safety Sciences) ហៅកាត់ IATSS ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក SANUI Kazumasa ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា លោកសាស្រ្តាចារ្យបណ្ឌិត TAKEUCHI Kazuhiko ប្រធាន IATSS និងសហការី តំណាងអង្គការដៃគូ Salasusu នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយភាគី សមាគមអន្តរជាតិវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ (IATSS) នៃប្រទេសជប៉ុន ដែលចុះហត្ថលេខាដោយ លោក TAKEUCHI Kazuhiko ប្រធាន IATSS។ តាមរយៈការចុះ MoU នេះ ភាគីទាំងពីរបានព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការអប់រំសុវត្ថិភាពចរាចរណ៍ តាមរយៈបេសកកម្មដូចជា៖ ១) ការអភិវឌ្ឍការអប់រំគ្រូបង្រៀន និងសកម្មភាពកសាងសមត្ថភាពផ្សេងទៀត ២) ការស្រាវជ្រាវរួមគ្នាលើការអប់រំសុវត្ថិភាពចរាចរណ៍ រួមទាំងការប្រមូលទិន្នន័យ និងការវិភាគ ៣) សហការគ្នារៀបចំសន្និសីទ សិក្ខាសាលា កសាងបណ្តាញ និងព្រឹត្តិការណ៍ពាក់ព័ន្ធចាំបាច់ផ្សេងៗទៀតជាច្រើន។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបណ្ឌិត TAKEUCHI Kazuhiko បានបង្ហាញសេចក្តីរីករាយចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានលើកឡើង ពីសាវតាររបស់ IATSS ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤ ជាមួយបេសកកម្មជួយដល់សហគមន៍ក្នុងការបម្លាស់ទីប្រកបដោយសុវត្ថិភាព “helping to realize an ideal mobility society” បង្កើតឡើងតាមរយៈអំណោយរបស់លោក Soichiro Honda និងលោក Takeo Fujisawa ដែលជាស្ថាបនិក និងជាសហស្ថាបនិកនៃក្រុមហ៊ុន Honda Motor Co., Ltd.។ លោកសាស្រ្តាចារ្យបណ្ឌិតបានបន្ដថា ដោយទទួលស្គាល់ថាបញ្ហាចរាចរណ៍ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងកត្តាសង្គមផ្សេងៗ IATSS បានត្រួសត្រាយនូវវិធីសាស្រ្ត "អន្តរកម្មសិក្សា" ដោយប្រមូលផ្តុំអ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីផ្នែកសិក្សាចម្រុះ ដើម្បីរួមគ្នាបង្កើតដំណោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាស្រ្តាចារ្យ TAKEUCHI Kazuhiko និងគណៈប្រតិភូ IATSS ព្រមទាំងតំណាងមកពី JICA និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបាននូវវឌ្ឍនភាពថ្មី ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងរីកចម្រើនរវាងកម្ពុជា និងជប៉ុនក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះហត្ថលេខាថ្ងៃនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រសួង ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈ IATSS ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងយុវជនកម្ពុជា ដែលជាអនាគតរបស់ប្រទេសជាតិ។
បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ IATSS និងទីភ្នាក់ងារ JICA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងផងដែរថា ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ IATSS គឺជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការអប់រំសុវត្ថិភាពចរាចរណ៍។ ទន្ទឹមនេះ ចាប់តាំងពីឆ្នាំ២០១៥ មក IATSS បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារ JICA និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតសម្ភារៈអប់រំ ធ្វើការស្រាវជ្រាវ ពង្រឹងសមត្ថភាពគ្រូបង្រៀន និងអនុវត្តកម្មវិធីជាក់ស្តែង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ក្នុងចំណោមយុវជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំសុវត្ថិភាពចរាចរណ៍ គឺជាការវិនិយោគសម្រាប់អនាគត ហើយតាមរយៈការផ្តល់ជូនគ្រូ និងសិស្ស នូវចំណេះដឹង ជំនាញ និងអាកប្បកិរិយាត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងសហគមន៍មួយប្រកបដោយសុខសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់ចំពោះសង្គម៕
ដោយ៖ រិទ្ធី





