ឯកឧត្តម សាយ សំអាល់ អញ្ជើញបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបូកសរុបលទ្វផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំគណបក្ស ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្ក្រុងព្រះសីហនុ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកទាំង៦ រួចមក ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដឹកនាំចាត់ចែងការងារតាមប្រតិទិនបានល្អ ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះសាលាខេត្តព្រះសីហនុ ធ្វើឱ្យខេត្តមានការវិវឌ្ឍរីកចម្រើនពីមួយ ឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរ យើងមិនត្រូវគិតថា បញ្ហាព្រំដែននៅដាច់ដោយឡែកនោះទេ ដើម្បីឱ្យខ្លួនយើងរឹងមាំ ត្រូវរួមគ្នាលប់បំបាត់ការឆបោកតាមបច្ចេកវិទ្យា (Scams Online) នៅក្នុងខេត្តព្រះសីហនុ។ ដើម្បីជាការឆ្លើយតប យើងត្រូវចាប់យកឱកាសអភិវឌ្ឍន៍ និងការវិនិយោគធ្វើឱ្យខេត្តរបស់យើងកាន់តែវិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ១.ត្រូវធានាសន្តិសុខ សុវត្ថិភាពសាធារណសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយមានការចូលរួមពីកងកម្លំាងនគរបាល អាវុធហត្ថ និងកម្លាំងសឹករងខេត្ត ២.ធានាកាចេញចូលរបស់នាវា យន្តហោះ និងយានយន្តគ្រប់ប្រភេទដោយសេរី ៣.កុំឱ្យធនាគារណាមួយជាប់ពណ៌ខ្មៅ ឬប្រផេះនៅក្នុងប្រទេស ក៏ដូចជាខេត្តព្រះសីហនុ។

ចំពោះយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ ស្របតាមយន្តការផ្សះផ្សារដោយបង្ខំ និងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដោយអ្នកជំនាញផ្សះផ្សារអន្តរជាតិនឹងផ្តល់យុត្តិធម៌សម្រាប់ប្រទេសទាំងពីរដោយរក្សានូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងកសាងសហប្រតិបត្តិការការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យវែងឆ្ងាយដោយធ្វើការរៀបចំជីកព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលក្នុងការដឹកជញ្ជូនពីភូមិភាគឥសាន្តមកកាន់ទិសនារតី ដែលជាផែសមុទ្រទឹកជ្រៅរបស់កម្ពុជា បានលឿន ធានាសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ទន្ទឹមនឹងនោះ ឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាំង ដែលស្ថិតនៅឃុំជើងគោ ត្រូវបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលទាក់ទាញវិនិយោគិន ព្រោះកម្ពុជាមានឱកាសចាប់យកអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ហើយយើងកំពុងគិតគូរអភិវឌ្ឍន៍ផ្លូវស្របនឹងឆ្នេរសមុទ្រ ដើម្បីកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ចំពោះវិស័យអប់រំ តម្រូវឱ្យមានការពង្រឹងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស ហើយយុទ្ធសាស្ត្រកែប្រែវិស័យអប់រំ គឺតម្រូវឱ្យមានសេវា Internete ស្របតាមការវិវឌ្ឍរបស់ពិភពលោក។
ឯកឧត្តម សាយ សំអាល់ បានសន្យាកៀគរប្រភពថវិកាក្នុងការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្តារប្រព័ន្ធធារាសាស្ត្រ ត្រពាំង ដើម្បីចិញ្ចឹមត្រីបង្កើនជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន យើងមិនត្រូវពឹងផ្អែកលើត្រីធម្មជាតិនោះទេ ព្រោះខេត្តព្រះសីហនុជាខឿនសេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវគោក ផ្លួវទឹក និងផ្លូវអាកាស ជាពិសេសការផ្តល់សេវាសាធារណទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីដែលមានការពាក់ព័ន្ធ៕
ដោយ៖ ងូ សុមុនី





