សហព័ន្ធតេក្វាន់ដូ ITF យកការប្រកួតឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ផលិតធនធាន និងជ្រើសរើសត្រៀមប្រជែងប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- លោក ប៉ាល់ ជីវ័ន មន្ត្រីគណៈកម្មការ និងជាគ្រូបង្វឹកជម្រើសជាតិនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានគូសបញ្ជាក់ថា តាមរយៈការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦នេះពិតជាសំខាន់ណាស់ សម្រាប់សហព័ន្ធផលិតធនធានកីឡាករ កីឡាការិនីឆ្នើមៗសម្រាប់ជាតិផង ហើយសហព័ន្ធនឹងជ្រើសរើសធនធានឆ្នើមៗមួយចំនួនចេញពីការប្រកួតនេះចូលរួមហ្វឹកហាត់បន្ថែមជាមួយក្រុមជម្រើសជាតិ ត្រៀមការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី នាខែសីហាខាងមុខនេះ។

លោក ប៉ាល់ ជីវ័ន មន្ត្រីគណៈកម្មការ និងជាគ្រូបង្វឹកជម្រើសជាតិនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
នេះជាការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិលើប្រភេទកីឡាតេក្វាន់ដូ ITF រយៈពេល៤ថ្ងៃពីថ្ងៃទី០៥-០៨ ខែមិថុនា នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

លោក ប៉ាល់ ជីវ័ន បានលើកឡើងថា ការប្រកួតនេះមានកីឡាករ កីឡាការិនីជានិស្សិត ៦៥នាក់មកពី៦គ្រឹះស្ថានឧត្តមសិក្សា ដោយប្រកួតលើ១៣វិញ្ញាសា។ ឆ្នាំនេះការចូលរួមបានថយចុះបន្តិច នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដូចគ្នាឆ្នាំមុន ប៉ុន្តែសហព័ន្ធបានពង្រឹងលើការប្រកួត ដោយកីឡាករចូលរួមត្រូវប្រកួតលក្ខណៈវិលជុំ ដែលលុះត្រាតែកីឡាករមានគុណភាពបច្ចេកទេសខ្ពស់ៗទើបអាចប្រជែងបានជ័យលាភីចំណាត់ថ្នាក់នីមួយៗ។ គោលដៅនៃការរៀបចំនេះ គឺសហព័ន្ធសម្តៅដល់ការផ្តោតលើគុណភាពជាចម្បង ដោយសហព័ន្ធនឹងជ្រើសរើសយកធនធានឆ្នើមៗទាំងនោះធ្វើតេស្តសមត្ថភាពមួយ មុនចូលរួមហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី នាខែសីហា ឆ្នាំ២០២៦។

គ្រូជម្រើសជាតិរូបនេះជឿជាក់ថា សម្រាប់ការប្រកួតនេះ គឺសហព័ន្ធបានរៀបចំលើវិញ្ញាសាសម្តែងមេគុន ហើយទម្រាំងដែលកីឡាករ កីឡាការិនីបានឆ្លងចូលមកដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនេះ គឺពួកគាត់បានឆ្លងកាត់ការប្រកួតជាច្រើនជុំ។ ដូច្នេះ នៅវគ្គផ្តាច់ព្រ័ត្រ ការឈ្នះមេដាយនោះ គឺពួកគាត់ប្រាកដជាមានគុណភាពឆ្នើមៗជាក់ជាមិនខាន។ លោកបន្ថែមថា តាមរយៈកិច្ចសហការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦នេះ សហព័ន្ធនឹងអាចជ្រើសរើសបានធនធានកីឡាករ កីឡាការិនីឆ្នើមៗចេញពីការប្រកួតមួយចំនួនបូកផ្សំនឹងការហ្វឹកហាត់បន្ថែមជាមួយក្រុមជម្រើសផងនោះ សហព័ន្ធនឹងមានធនធានអត្តពលិកប្រកបដោយគុណភាព ត្រៀមចេញទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី នាខែសីហា ខាងមុខនេះប្រកបដោយជោគជ័យជាក់ជាមិនខាន។

គួរបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី០៥-១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ លើ១២ប្រភេទកីឡា ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៨៧៦ នាក់ (ស្រី ៤៧៨ នាក់) មកពី ៤៣គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស៕

ដោយ ហេង ណាលីន





