ក្រសួងបរិស្ថាន និងអង្គការ CI រៀបចំសិក្ខាសាលាស្តីពីទីផ្សារកាបូន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦–អង្គការអភិរក្សអន្តរជាតិ កម្ពុជា(អង្គការ CI) សហការជាមួយលេខាធិការដ្ឋានកិច្ចការឥណទានកាបូន នៃក្រសួងបរិស្ថាន និងដៃគូរៀបចំសិក្ខាសាលាគោលនយោបាយកម្រិតខ្ពស់ ស្តីពី «មាត្រា៦ និងទីផ្សារកាបូន ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ» នៅក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

សិក្ខាសាលានេះជាវេទិកាដ៏មានសារសំខាន់ថ្មីមួយដែលកៀរគរអ្នកពាក់ព័ន្ធជាន់ខ្ពស់សំខាន់ៗមកស្វែងយល់ និងពិភាក្សាអំពីយន្តការមាត្រា៦ ការសម្របសម្រួលស្ថាប័នក្រោមសកម្មភាពអាកាសធាតុរបស់ប្រទេសជាតិ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការរៀបចំស្ថាប័ន និងរចនាសម្ព័ន្ធអភិបាលកិច្ចនៃយន្តការមាត្រា៦ ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនៃសិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងអ្នកចូលរួមបានស្វែងយល់អំពីការកំណត់បរិបទមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យន្តការទីផ្សារកាបូននៃមាត្រា៦ ទិដ្ឋភាពទូទៅនៃវិធានប្រតិបត្តិមាត្រា៦ និងការចែករំលែកបទពិសោទន៍ទាក់ទងនឹងការអភិវឌ្ឍគម្រោងឱ្យស្របតាមយន្តការមាត្រា ៦.២។

គួរជ្រាបថា វិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ជាឯកសារណែនាំដ៏សំខាន់មួយសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក្នុងការកាត់បន្ថយហានិភ័យ ទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកល។ សៀវភៅនេះនឹងណែនាំយើងក្នុងការកំណត់គម្រោងដែលមានសិទ្ធិសម្រាប់កិច្ចសហប្រតិបត្តិការក្រោមយន្តការមាត្រា ៦.២ ដែលជួយកៀរគរការចូលរួមពីវិស័យឯកជន និងបង្កើនលំហូរនៃហិរញ្ញប្បទានកាបូនមកកម្ពុជា ។
សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍ ក្រសួងកិច្ចការនារី ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសម័្ពន្ធមិត្តសត្វព្រៃ អង្គការដៃគូពាក់ព័ន្ធ វិស័យឯកជន និងតំណាងអភិបាលខេត្តទាំង១១ ដែលពាក់ព័ន្ធនឹងគម្រោងរេដបូក សរុប៩៧នាក់ ៕
ដោយ៖ ណយ នឿន (ប្រភព៖CI)





