ស្រុកភ្នំស្រុកពង្រឹងសក្តានុពលតម្បាញសូត្របុរាណ៖ មន្ទីរវប្បធម៌ និងរដ្ឋបាលស្រុក ចុះរៀបចំវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--សិប្បកម្មតម្បាញសូត្រដ៏ល្បីល្បាញប្រចាំស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានជំរុញឱ្យក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសហគមន៍ដ៏សំខាន់មួយទៀត តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញពង្រីកផលិតកម្ម ដោយផ្តោតគោលដៅចម្បងលើប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងបំណងកាត់បន្ថយភាពក្រីក្រ និងអភិរក្សកេរដំណែលវប្បធម៌ដូនតា។
កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក លី វណ្ណរិទ្ធ អនុប្រធា នមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យសិល្បៈសូនរូប សិប្បកម្ម និងការិយាល័យអភិវឌ្ឍន៍វប្បធម៌ សហ ការជាមួយលោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកភ្នំស្រុក ចុះសម្របសម្រួលផ្ទាល់ជាមួយសមាគមតម្បាញសូត្រមាសភ្នំស្រុក និងសមាគមតម្បាញស្រឡាញ់ ដែលមានទីតាំងស្ថិតនៅភូមិប៉ោយចារ និងភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ សកម្មភាពនេះធ្វើឡើងដើម្បីស្វែងរកទីតាំងសមស្របសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល និងកៀរគរប្រជាព លរដ្ឋដែលមានបំណងចង់ចេះចង់ដឹងលើផ្នែកតម្បាញសូត្រ និងអំបោះ។

នៅក្នុងឱកាសនោះ លោក លី វណ្ណរិទ្ធ បានមានប្រសាសន៍សង្កត់ធ្ងន់ថាការចុះមកផ្ទាល់របស់មន្ទីរជំនាញនាពេលនេះ គឺដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ ក្នុងការប្រែក្លាយ "វប្បធម៌ឱ្យទៅជាប្រភពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព"។

ស្រុកភ្នំស្រុកមានសក្តានុពលខ្លាំងលើរបរតម្បាញសូត្របុរាណ ប៉ុន្តែដើម្បីឱ្យរបរនេះរស់រវើក និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សហគមន៍ យើងត្រូវតែពង្រីកចំណេះដឹងនេះទៅដល់ប្រជាព លរដ្ឋក្រីក្រ និងងាយរងគ្រោះ ដើម្បីឱ្យពួកគាត់មានមុខរបរច្បាស់លាស់ អាចរកចំណូលបាននៅនឹងកន្លែង ដោយមិនបាច់ធ្វើចំណាកស្រុក។

លោកអនុប្រធានមន្ទីរបានបន្ថែមទៀតថា ការបណ្តុះបណ្តាលនេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រគន្លឹះក្នុងការ "អភិរក្សដើម្បីអភិវឌ្ឍ"។ បើមានអ្នកចេះដឹងកាន់តែច្រើន នោះមរតកអរូបីនៃស្នាដៃតម្បាញសូត្រខ្មែររបស់យើងនឹងមិនរលាយបាត់បង់ឡើយ ហើយវានឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញមួយប្រចាំខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនៃជំនួបពិភាក្សានោះដែរ លោកស្រីប្រធានសមាគមតម្បាញសូត្រមាសភ្នំស្រុក បានលើកឡើងនូវសំណូម ពរដ៏សំខាន់មួយទៅកាន់ក្រុមការងារ ដោយស្នើសុំឱ្យមានការជួយបណ្តុះ បណ្តាលលើបច្ចេកទេស «ដាំដើមមន និងការចិញ្ចឹមដង្កូវនាង» ជាមុនសិន។
លោកស្រីបានពន្យល់ថា ការពង្រឹងខ្សែច្រវាក់ផលិតកម្មចាប់ពីចំណុចចាប់ផ្តើមនេះ គឺដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់វត្ថុធាតុដើម (សូត្រ) ប្រកបដោយស្ថិរភាព និងគុណភាពខ្ពស់ មុននឹងឈានទៅដល់ការបង្រៀនជំនាញតម្បាញ។
ឆ្លើយតបនឹងសំណូមពរនេះ លោក លី វណ្ណរិទ្ធ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានបញ្ជាក់ថា មន្ទីរវប្បធម៌នឹងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាវត្ថុធាតុដើមនេះ ដោយនឹងធ្វើការជិតស្និទ្ធជាមួយសហគមន៍ ព្រមទាំងស្វែងរកកិច្ចសហការពីស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាថាខ្សែច្រវាក់ផលិតកម្មតម្បាញសូត្រពីដើមរហូតដល់ចប់ ដំណើរការទៅដោយរលូន។
ជាលទ្ធផលវិជ្ជមានភ្លាមៗពីជំនួបនេះ តំណាងសហគមន៍ទាំងពីរបានសន្យាថានឹងធ្វើការស្វែងរកទីតាំងអំណោយផល ព្រមទាំងស្រង់ស្ថិតិប្រជាពលរដ្ឋដែលចង់ទទួលការបណ្តុះបណ្តាល ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកក្រុមការងារវិញក្នុងរយៈពេល ៣ថ្ងៃបន្ទាប់។
ជុំវិញគម្រោងអភិវឌ្ឍន៍ជំនាញវប្បធម៌ និងសេដ្ឋកិច្ចនេះ លោក ជូ បុត្រ អភិបា លនៃគណៈអភិបាលស្រុកភ្នំស្រុក បានសម្តែងការគាំទ្រពេញទំហឹង។
លោកអភិបាលស្រុកបានបញ្ជាក់ថា រដ្ឋបាលស្រុកមិនត្រឹមតែសាទរចំពោះគំនិតផ្តួចផ្តើមនេះទេ គឺថែមទាំងបានផ្តល់ទីតាំងជាក់ស្តែងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលនេះថែមទៀតផង ដើម្បីធានាថាដំណើរការនៃការបង្រៀន និងរៀនអាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ឆ្លើយតបនឹងឱកាសថ្មីនេះ ប្រជាពលរដ្ឋដែលប្រកបមុខរបរតម្បាញសូត្រនៅក្នុងស្រុកភ្នំស្រុក បានសម្តែងនូវក្តីរំភើបសប្បាយរីករាយជាខ្លាំង។ ពួកគាត់បានលើកឡើងថា កន្លងមករបរតម្បាញជួបការលំបាកខ្លះដោយសារកង្វះបច្ចេក ទេសទំនើប និងវត្ថុធាតុដើម។ នៅពេលមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងមន្ទីរជំនាញចុះមកពង្រីកការបណ្តុះប ណ្តាលដល់សហគមន៍ ជាពិសេសការបើកឱកាសឱ្យគ្រួសារក្រីក្របានចូលរួម វានឹងជួយឱ្យពួកគាត់មានការងារធ្វើពិតប្រាកដ បង្កើតប្រភពចំណូលបន្ថែម និងមិនបាច់ចំណាកស្រុកឆ្ងាយពីគ្រួសារ។
ស្រុកភ្នំស្រុក ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាទឹកដីសំបូរទៅដោយសក្តានុពលវប្បធម៌ និងស្នាដៃតម្បាញសូត្រខ្មែរតាមបែបបុរាណដែលមានគុណភាពល្អប្រណីត។ ការជំរុញ និងពង្រីកវិសាលភាពនៃសិប្បកម្មតម្បាញសូត្រ និងអំបោះនាពេលនេះ មិនត្រឹមតែជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារមរតកវប្បធម៌អរូបីរបស់ជាតិមិនឱ្យបាត់បង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រគន្លឹះក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូល ដ្ឋាន តាមរយៈការបង្កើ តការងារ ការ បង្កើតតម្លៃបន្ថែមលើផលិតផលក្នុងស្រុក និងការទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌មួយនេះផងដែរ៕
ដោយ ៖ឈុនសារ៉ាត





