គ្រូបង្វឹកបរទេសមកជួយបង្វឹកដល់អត្តពលិកឃីកបុកស៊ីងកម្ពុជាត្រៀមប្រជែងមេដាយជូនជាតិ ជើងឯកអាស៊ី នៅកម្ពុជា នាខែធ្នូ ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានអញ្ជើញគ្រូបង្វឹកបរទេសកម្រិតខ្ពស់ ដែលជាម្ចាស់មេដាយមាសពិភពលោកមកជួយពង្រឹងគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីកម្ពុជា នៅតាមបណ្តាក្លឹបនានា ត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ចាប់ពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា នៅក្នុងកម្មវិធីសំណេះសំណាលរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីសជាមួយបណ្តាក្លឹបប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលត្រូវចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង រាជធានីភ្នំពេញ។

ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានគូសបញ្ជាក់ថា នេះជាកម្មវិធីជួបគ្នា ដែលបង្ហាញឱ្យកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជា នៅតាមក្លឹបទាំងអស់បានស្គាល់គ្រូបង្វឹកឃីកបុកស៊ីងបរទេសកម្រតិអន្តរជាតិ ដែលអតីតម្ចាស់មេដាយមាសពិភពលោក។ កីឡាករ កីឡាការិនីនានានឹងចូលរួមហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹកបរទេស ដើម្បីបង្កើនគុណភាពបច្ចេកទសឱ្យបានខ្ពស់ៗ ត្រៀមចូលរួមប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី នាខែធ្នូ ឆ្នាំ២០២៦ ដែលប្រទេសកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះម្តងទៀត បន្ទាប់ពីឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកប្រកបដោយភាពជោគជ័យ។

ឯកឧត្តម ហេង សុខឃន គូសបញ្ជាក់ថា ក្លឹបទាំងអស់នឹងទទួលបានការបង្វឹកដោយផ្ទាល់ពីគ្រូបង្វឹកបរទេសនៅក្លឹបនីមួយៗប្រមាណ១០ថ្ងៃ ក្នុង១ក្លឹប។ ជាមួយគ្នានេះ ប្រធានសហព័ន្ធសហព័ន្ធរូបនេះក៏បានជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយជូនជាតិឱ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ជើងឯកអាស៊ី នាខែធ្នូ ឆ្នាំ២០២៦។

ប្រធានសហព័ន្ធបន្ថែមថា គ្រូបង្វឹកបរទេសមានចំនួន៤នាក់នឹងផ្លាស់ប្តូរគ្នាម្តង២នាក់ រយៈពេល៣ខែម្តង ដើម្បីចូលរួមបង្វឹកដល់កីឡាករ កីឡាការិនីកម្ពុជា ខណៈគ្រូបរទេស២នាក់ ៣ខែដំបូងនេះគឺពួកគាត់ធ្លាប់ជួយប្រភេទកីឡាឃីកបុកស៊ីងកម្ពុជាឈ្នះមេដាយជូនជាតិ។ ចំពោះ៣ខែបន្ទាប់នឹងជ្រើសរើសគ្រូបង្វឹកបរទេសនៅប៉ែកអឺរ៉ុបវិញម្តង ដែលការជ្រើសរើសគ្រូបង្វឹកបរទេសមកជួយពង្រឹងបច្ចេកទេសដល់ឃីកបុកស៊ីងកម្ពុជា នាពេលនេះគឺជាចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង បានជំរុញឱ្យកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជានៅតាមបណ្តាក្លឹបទាំងអស់ត្រូវបន្តដុសខាត់សមត្ថភាពបច្ចេកទេសឱ្យខ្លាំងក្លា ដើម្បីដណ្តើមេដាយជូនជាតិ។ តាមរយៈការហ្វឹកហាត់នេះ អ្នកឧកញ៉ា បានលើកទឹកចិត្តដល់ក្លឹបរៀបចំកម្មវិធីហ្វឹកហាត់ឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាពការហ្វឹកហាត់ឱ្យបានរឹងមាំ ក្នុងការសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ស្របពេលដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ាបង្ហាញការប្តេជ្ញាចិត្តឧបត្ថម្ភគាំទ្របន្តជំរុញឱ្យវិស័យកីឡាជាតិមួយនេះកាន់តែមានសក្តានុពលផងដែរ៕
ដោយ ហេង ណាលីន





