ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាក្តៅឱ្យបង្កើតក្រុមការងារពិសេស បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីទឹកដី
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--កងកម្លាំងនគរបាលទូទាំងខេត្តបន្ទាយ មានជ័យ ទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការទ្រង់ទ្រា យធំ ដើម្បីបង្ការ បង្ក្រាប និងបោស សម្អាតឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
បទបញ្ជាដ៏ក្តៅគគុកនេះ ត្រូវបានដាក់ចេញដោយ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំស្តីពី «ការបង្កើតក្រុមការងារដឹកនាំ ក្រុមប្រតិបត្តិការចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើ សឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ក) នៃស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងដើម្បីឆ្លើយតប និងអនុវត្តតាមអនុសាស ន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលកំពុងយាយីដល់សន្តិសុខសង្គម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្ដមសេនីយ៍ វរសេនី យ៍ ស្នងការរងលោកនាយ-នាយរងការិយាល័យជំនាញ ព្រមទាំងលោកអធិការ និងអធិការរងនគរបាលក្រុង-ស្រុកទាំង៩ ទូទាំងខេត្តផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេ នីយ៍ត្រី សឿម សារិទ្ធ បានសង្កត់ធ្ងន់ថា ការបង្កើតក្រុមការងារពិសេសនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការបន្តស្វែងរក ស្រាវជ្រាវ និងឈានទៅដល់ការបោសសម្អាតសម្បុកបណ្តាញឆបោកអនឡាញឱ្យបានស្អាតល្អ។ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការឱ្យកងកម្លាំងទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការក្តៅ ក្នុងការបង្ក្រាបឱ្យចំគោលដៅ និងទាន់ពេលវេលា។
ទន្ទឹមនឹងការដាក់ចេញនូវផែនការសកម្មភាព លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានក្រើនរំលឹក និងដាស់តឿនដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងការគោរពច្បាប់ គោរពវិន័យកងកម្លាំងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធានាឱ្យយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះ ទទួលបានជោគជ័យយ៉ាងពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ៕
ដោយ ៖ឈុនសារ៉ាត





